ក្រោយបញ្ចប់សង្គ្រាម មានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖
នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពរីករាយចំពោះការសម្ភោធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរ និង ឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងសម្រចបានមកទល់ពេលនេះ ហើយសម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ គណបក្សហ្វ៊ុនស៊ិនប៉ិច និងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរក្រហម ដែលបានផ្តល់ឱកាស និងរួមគ្នាចុះចូលសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាល ដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហម ដែលជាក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេច មកចុះចូលដល់ផ្ទះរបស់សម្តេចតេជោដោយផ្ទាល់តែម្តង ដែលធ្វើអោយកម្ពុជាទាំងមូលទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថា ពិតណាស់ប្រទេសកម្ពុជា បានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញ នៅឡើយទេ គឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល គឺៈ ១)ធានាចំពោះអាយុជីវិត និងរូបកាយ។ ២)ធានាចំពោះអាជីព និងមុខរបរ និង ៣) ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនាទព្យ និងអចលនទ្រព្យ។ ដោយសារជំនឿទុកចិត្ត និងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យ និងមានសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីផលប្រយោជន៍ដែលទទួលបានពីនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងទទួលបានដូចជា៖
១)បានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២)ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហម ចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ ដោយគ្រាប់កាំភ្លើងដែរ។
៣)ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤) ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
៥)កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រោយពីបញ្ចប់សង្រ្គាម គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ សំខាន់ ក្នុងការអភិវឌ្ឍប្រទេសគឺ ១)ប្រែក្លាយតំបន់សមរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
៦) ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ជាច្រើនដូចជា EMEC, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាតិផងដែរ។
៧)ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរ គឺកើនឡើងជារៀងរាល់ឆ្នាំ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សិរយយស ដល់ឥស្សរជនដែលមានស្នាដៃមួយចំនួនដែលបានចូលរួមកសាង វិមាន ឈ្នះ ឈ្នះ នេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ជាពិសេស សម្តេចតេពិជ័យសេនា ទៀ បាញ់ និងមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។ បន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូសម្ពោ ធ វិមាន ឈ្នះ ឈ្នះ និងអញ្ជើញទស្សនាចម្លាក់នៅតាមជញ្ជាំង ទស្សនាសារមន្ទីពិព័រណ៍រូបថត នៅខាងលើវិមាន និងពិព័រណ៍ជាច្រើនទៀត នៅខាងក្រោមវិមាន នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕