ឆ្នាំ២០១៩ជាឆ្នាំដែលមន្ត្រីរដ្ឋបាលរាជធានីត្រូវតែប្រឹងប្រែង ដើម្បីបង្កើនស្នាដៃថ្មីៗទៀតជាមួយនឹងការត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៃការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌនិងរាជធានី
ភ្នំពេញ៖ ឆ្នាំ២០១៩ជាឆ្នាំថ្មី ដែលមន្ត្រីរដ្ឋបាលរាជធានីត្រូវតែប្រឹងប្រែងបំពេញការងារ ដើម្បីបង្កើនស្នាដៃថ្មីៗទៀត ស្របពេលដែលនៅក្នុងឆ្នាំ២០១៩ខាងមុខនេះជាឆ្នាំ មានព្រឹត្តិការដ៏ធំមួយ នោះគឺ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌនិងរាជធានី។ ដូច្នេះទេមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបំផុត ដូចដែលយើងធ្នាប់បានអនុវត្តបានជោគជ័យកន្លងមក។
នេះជាប្រសាសន៍របស់លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ ដែលត្រូវបានប្រកាសតែងតាំងមុខតំណែងនេះមានចំនួន១១រូប ក្នុងនោះរូមមាន៖ លោក សូរ ផាន់ណារ៉ា ដែលជានាយកទីចាត់ការរដ្ឋបាល ត្រូវបានតែងតាំងជានាយករងរដ្ឋបាលរាជធានិភ្នំពេញ។ លោកម៉េត មាសភក្តី ត្រូវបានតែងតាំងជានាយកទីចាត់ការរដ្ឋបាល។ ក្រៅនេះ ៩នាក់ទៀត ត្រូវបានតែងតាំងជានាយករងទីចាត់ការ អនុប្រធានផ្នែក ប្រធាននិងអនុប្រធានការិយាល័យ។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងទៀតថា ការប្រកាសតែងតាំងជខាងលើនេះ ដាច់ខាតត្រូវតែធ្វើ ពោលគឺ បើមិនធ្វើពិធីប្រកាសទេ មន្ត្រីរបស់យើងពិបាកបំពេញការងារណាស់ ដូច្នេះហើយ ទើបយើងរកពេលប្រកាសតែងតាំងអោយខាងតែបាន។ លោកបន្តថា នៅឆ្នាំ២០១៨នេះ មន្ត្រិយើងបានបំពេញការងារបានល្អប្រសើរណាស់ ក្នុងនោះ ដូចជាការរៀបចំការ បោះឆ្នោតទទួលបានជោគជ័យ មានលក្ខណៈប្រជាធិបតេយ្យ ដោយសម្តេចតេជោហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតនេះត្រូវបានគេ អញ្ជើញទៅប្រជុំនៅក្រៅប្រទេស ជាមួយនឹងទទួលរាក់ទាក់ពីអន្តរជាតិ ។ ការរៀបចំបានជោគជ័យនូវពិធីបុណ្យជាតិធំ ៗ ការបង្កើតបានច្រកចេញ ចូលតែមួយ ដែលមកដល់ពេលនេះមានប្រជាពលរដ្ឋបានមកទទួលសេវាបានមួយចំនួនហើយនោះ។ បន្តមកទៀតនេះយើងចូលរួមរៀបចំ ពិធីសម្ពោធវិមានឈ្នះ ឈ្នះ ។
លោកកើត ឆែបានបញ្ជាក់ថា បើទោះបីឆ្នាំ២០១៨ ការងារមានភាព ស្មុកស្មាញច្រើនក៏ពិតមែន តែយើងនូវតែទទួលបានជោគជ័យ ក្រោមការចង្អុលនិងការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញរួមជាមួយ និងការខិតខំប្រឹងប្រែងរបស់បងប្អូនជាមន្ត្រីរបស់យើងទាំងអស់គ្នា។ សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ យើងត្រូវប្រឹងប្រែង ដើម្បីបង្កើនស្នាដៃថ្មីៗទៀត ពិសេសនោះ គឺការត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៃការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌនិងរាជធានី ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខនេះ។
ចំពោះបងប្អូនមន្ត្រីរបស់យើងដែលបានប្រកាសតែងតាំងនេះ លោកកើត ឆែ សូមអោយបងប្អូនត្រូវសិក្សារៀនសូត្រ ស្វែងយល់បន្ថែម ទៅលើទីតាំង តួនាទីរបស់ខ្លួនដើម្បីបំពេញការងារអោយកាន់តែល្អប្រសើរ។ជាមួយគ្នានេះដែរលោក សូមអោយមន្ត្រីយើងទាំងអស់ ចូលមើលហ្វេសបុកសម្តេច តេជោហ៊ុន សែន សម្តេច ក្រឡាហោមស ខេង និងរដ្ឋបាលរាជធានី ដើម្បីដឹងពីព័ត៌មាន អាចស៊ែ និងកាំមិនចូល ព្រោះថាយើងជាអ្នកស៊ីប្រាក់ខែរដ្ឋ ៕