អធិការនគរបាលស្រុកមេមត់ បានប្រាប់ទៅនាយនគរបាលប៉ុស្តិ៍រដ្ឋបាលថា ការលាក់បាំងបទល្មើស ត្រូវទទទលទោសនៅមុខតុលាការដោយខ្លួនឯង
ត្បូងឃ្មុំ៖ អធិការនគរបាលស្រុកមេមត់ បានប្រាប់ទៅ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលថា ការលាក់បាំងនូវរាល់បទល្មើស ដែលកើតមានឡើងនៅមូលដ្ឋានខ្លួនគ្រប់គ្រង គឺស្មើនឹងចូលរួមគំនិតជាមួយជនល្មើស ហើយ
ត្រូវទទទលទោសនៅចំពោះមុខតុលាការដោយខ្លួនឯង។
លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ក្នុង ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១១ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពី របៀបរបបធ្វើការងារ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងបានធ្វើការផ្សព្វផ្សាយការងារបន្ទាន់ សម្រាប់យកទៅអនុវត្តន៍ក្នុងតួនាទីភារកិច្ចការងារនគរបាលសហគមន៍ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ ។
ក្នុងកិច្ចប្រជុំនោះ លោកអធិការ បានថ្លែងថា “ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រូបណាមួយ លាក់នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន នៃឃុំខ្លួនគ្រប់គ្រង បានន័យថារួមគំនិតជាមួយជនល្មើស ហើយត្រូវទទួលទោសទៅតាមនីតិវិធីនៅមុខតុលាការដោយខ្លួនឯង ។ គ្រប់ប៉ុស្តិ៍ទាំងអស់ដែលមានកម្លាំងគ្រប់គ្រាន់ ត្រូវចេះបែងចែកកម្លាំងប្រចាំការ ធ្វើការនៅប៉ុស្តិ័ និងការល្បាត លើភូមិសាស្ត្រងាយរងគ្រោះ ដែលឧស្សាហ៍កើតមានករណី ធាក់យកម៉ូតូ លួចកាច់សោម៉ូតូ និងលួចទ្រព្យសម្បត្តិផ្សេងៗ “។
លោកបានបន្តទៀតថា ៖ ចំពោះប៉ុស្តិ៍មានការខ្វះកម្លាំង ត្រូវរាយការណ៍ ជូនមកអធិការ ដើម្បីមានវិធានដាក់កម្លាំងអន្តរាគមន៍ ពីអធិការដ្ឋាននគរបាលស្រុកមេមត់ ក្នុងជួយល្បាត ទៅតាមភូមិសាស្ត្រងាយរងគ្រោះឃុំនោះ ជាការចូលរួមកាត់បន្ថយ បទល្មើសដែលកើតមានឡើង ។ ហើយវាធ្វើឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បាននៅប៉ុស្តិ៍ចាំទទួលបងប្អូនប្រជាពលរដ្ឋដែលគាត់មករកនូវការផ្តល់សេវាដូចជា សៀវភៅស្នាក់នៅ (ក២) ឬសៀវភៅគ្រួសារ (ក៤) ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានទាន់ពេលវេលា ៕