យន្តហោះ C919 របស់ចិន បញ្ចប់ការធ្វើតេស្ត
(សៀងហៃ)៖ យន្ដហោះដឹកអ្នកដំណើរ C919 ទី ៣ របស់ចិនបានបញ្ចប់ការធ្វើតេស្ដហោះហើរ ជាលើកដំបូងរបស់ខ្លួនទាំងស្រុងហើយ បន្ទាប់ពីចុះចតនៅរសៀលថ្ងៃសុក្រនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ សៀងហៃ ភូដុង (Shanghai Pudong)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
យន្ដហោះដឹកអ្នកដំណើរ C919 ជាផលិតផលនៅក្នុងស្រុករបស់ចិនបានធ្វើការហោះហើរនៅម៉ោង ១១៖០០នាទីព្រឹក និងបញ្ចាប់ការ ហោះហើរក្នុងរយៈពេល ១ម៉ោង និង៣៨នាទីក្រោយមកទៀត។ ដោយឡែក បន្ទាប់ពីការធ្វើតេស្ដហោះហើរនេះ C919 នឹងធ្វើការសាកល្បងហោះហើរនៅទីក្រុង ស៊ីអាន (Xi’an) ជាមួយការផ្ដោតសំខាន់លើការគ្រប់គ្រង និងល្បឿនហោះហើរជាដើម។
គួរបញ្ជាក់ថា យន្ដហោះ C919 ទី ១ បានធ្វើតេស្ដហោះហើរជាកាលពីខែឧសភា និងទី ២ នៅខែធ្នូ ឆ្នាំ២០១៧ កន្លងទៅហើយ យន្ដហោះ C919 ០៣គ្រឿងបន្ថែមទៀតកំពុងត្រូវបាន ផលិត និងត្រូវបានរំពឹងថា បញ្ចប់ការហោះហើរសាកល្បងនៅឆ្នាំ២០១៩។ យន្ដហោះប្រភេទនេះអាចហោះបានក្នុងចំងាយ ៤,០៧៥គីឡូម៉ែត្រ ព្រមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្ដហោះ Airbus 320 និង Boeing 737៕