គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបគ្រឿងញៀន បានជាង១០០០ករណី និងឃាត់ខ្លួនជនសង្ស័យ បានជិត២០០០នាក់ ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ
ភ្នំពេញ៖ នៅក្នុង៦ខែដើមឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនបានជាង១០០០ករណី និងឃាត់ខ្លួនជនសង្ស័យ បានជិត២០០០នាក់ ។ ក្រៅពីនេះក៏បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនិងបន្សាបគ្រឿងញៀន នៅមជ្ឈមណ្ឌល
ឱកាសបានជាង២០០០នាក់ផងដែរ។
នេះបើតាមការបញ្ជាក់ពី លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា នៅក្នុង៦ខែដើមឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងសកម្មលើ ការបង្ការ
បង្ក្រាប និងអប់រំគ្រឿងញៀន ។ក្នុងនោះ ចំពោះបង្ការយើងបានផ្សព្វផ្សាយ អោយប្រជាពលរដ្ឋបានយល់ដឹង ពីគុណវិប្បត្តិនៃគ្រឿងញៀន ដែលធ្វើអោយខាតបង់ទ្រព្យសម្បត្តិ លុយកាក់ បង្កើតអោយមានអំពើហឹង្សា ក្នុងគ្រួសារ ខូចអនាគត់ ។ ចំពោះការបង្ក្រាបវិញ គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបគ្រឿងញៀន បានចំនួន១០២០ករណី ថយចុះ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ ដោយគ្រឿងញៀនចំនួន១៩៣៦នាក់ ស្រី១៣០នាក់ ដកហូតគ្រឿងញៀនបាន៦៤៤៣,២០ក្រាម ។
លោកបន្តទៀតថា ដោយមានការចង្អុលបង្ហាញ និងការណែនាំពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ បានទាំងតូច ទាំងធំ បំបែកមេខ្លោងគ្រៀងញៀន ឆ្លងកាត់ប្រទេស និងធ្វើសកម្មភាពនៅភ្នំពេញ។ លោកបន្តថា ក្រៅពីនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនិងបន្សាបគ្រឿងញៀន នៅមជ្ឈមណ្ឌល
ឱកាសខ្ញុំបានជាង២២២២នាក់ ស្រី១៤៣នាក់ និងបានធ្វើសមាហរណកម្ម ជនរងគ្រោះដែលបន្សាបគ្រឿងញៀន ហើយ អោយត្រឡប់ទៅផ្ទះវិញ បានចំនួន២១៦៥នាក់ ស្រី១០១នាក់ផងដែរ៕