ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពារង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

118


ភ្នំពេញ៖នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងអញ្ជើញជប់លៀងអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញថ្ងៃទី ២៩ ធ្នូ និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។ នេះបើយោងតាមFacebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយប់ថ្ងៃទី៣០ធ្នូ២០១៨។

ពិធីយប់នេះក៏មានការបាញ់កាំជ្រួចអបអរសាទរនៅក្បែរវិមានឈ្នះ ឈ្នះ ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ និងការបញ្ចប់សង្រ្គាមស៊ីវិលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

នៅក្នុងឱកាសដ៏មហោឡារិកប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែងនេះ គឺមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួតសរុបចំនួន ១៩៩នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៦៧នាក់ ដែល ១១ នាក់ជា ឯកអគ្គរាជទូត រដ្ឋទូត ប្រចាំនៅកម្ពុជាដែលមកពី ១០ ប្រទេសដូចជា អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ចិន និងកូរ៉េ និង ៥៦នាក់ផ្សេងទៀត ជាធុរកិច្ចជនមកពីប្រទេស សិង្ហបុរី, អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ វៀតណាម, ចិន និងកូរ៉េ។ ដោយឡែកការប្រកួតជាក្រុមមានចំនួន ៦៩នាក់ និងឯកត្តជនចំនួន ១៣០ នាក់ ក្នុងនោះកីឡាការិនីចំនួន ២០នាក់ ។

ក្រោយពីការប្រកួតពេញមួយថ្ងៃនេះ ជាលទ្ធផល ជ័យលាភីលេខ១បានទៅលើ ក្រុមកីឡាវាយកូនគោលរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។ លេខ២ បានទៅលើ ក្រុមកីឡាវាយកូនគោល របស់ ឯ.ឧ ចមប្រសិទ្ធ និង លេខ៣ បានទៅលើក្រុមកីឡាវាយកូនគោល របស់ ឯ.ឧ នាង ផាត។ ចំពោះលទ្ធផល ជ័យលាភីដែលទទួលបានពានរង្វាន់ក្នុងការប្រកួតជា ឯកត្តជនវិញ គឺកីឡាករ កីឡាការិនីដែលទទួលពានរង្វាន់មានចំនួន ១៨ នាក់។

ការរៀបចំឲ្យមានការប្រកួតកីឡាវាយកូនគោលពេញមួយថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីអបអរសាទរនៃការសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាពិសេសទៀតនោះ គឺដើម្បីរឹតចំណងសាមគ្គីភាពរវាងគ្នានឹងគ្នា ស្របពេលកីឡាវាយកូនគោលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ ដែលពេលនេះកម្ពុជាមានទីលានវាយកូនគោលចំនួន ១០ ទីតាំង ដូចជានៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង និង ខេត្តសៀមរាប។
ជាមួយគ្នានេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ជូនដល់កីឡាករ និងកីឡាការិនី ដែលទទួលបានជោគជ័យនៅក្នុងការប្រកួតកីឡាវាយកូនគោលក្នុងថ្ងៃនេះ និងបានផ្តល់កិត្តិយសថតរូបអនុវស្សាវរីយ៍ជាមួយក្រុមកីឡាករប្រកបដោយភាពសប្បាយរីករាយក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង