លោក អាគីរ៉ា បើកសារមន្ទីរមីន ឡើងវិញ
សៀមរាប៖ ក្រោយពីតុលាការខេត្តសៀមរាបដោះលែង លោក អាគីរ៉ា (អឿន យក្ស) ពេលនេះ សារមន្ទីរមីនរបស់លោក បានដំណើរធម្មតាវិញហើយ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ នេះ ។
ទន្ទឹមនឹងការបិទទ្វាសារមន្ទីមីន អស់រយៈពេលជាច្រើនខែ ទីបំផុតលោក អាគីរ៉ា វីរបុរសរបស់ប្រជាពលរដ្ឋខ្មែរបានត្រឡប់មកដំណើរការ សារមន្ទីរមីនរបស់លោកជាថ្មីម្ដងទៀត ។ ការបើកទ្វារមិនទាន់បានប៉ុន្មានម៉ោងផង ក៏មានភ្ញៀវទេសចរជាតិ និង អន្ដរជាតិចូលទស្សនាយ៉ាងច្រើនកុះករ និង មានអ្នកជូនពរលោកគ្រប់ទិសទីផងដែរ ។
តុលាការខេត្តសៀមរាប បានដោះលែងស្ថាបនិក សារមន្ទីរមីន អាគីរ៉ា និងបុគ្គលិកពីរនាក់ផ្សេងទៀត ឲ្យនៅក្រៅឃុំបណ្តោះ អាសន្នកាលពីថ្មីៗនេះ បន្ទាប់ពីឃុំខ្លួនជិតមួយខែ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់ថា តុលាការបានដោះលែងសហការីបីនាក់របស់អង្គការដោះមីនកម្ពុជានិងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ហៅអាគីរ៉ា លោក អឿន យុន និង លោក ហ៊ាញ សុគន្ធា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយមានការធានាពីមេធាវី។
លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀត ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពីឆេះឃ្លាំងគ្រាប់ ក្នុងបរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាប បានសម្រេឃុំខ្លួន ក្នុងពន្ធនាគារដោយចោទពីបទ រក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់នៅក្នុងបរិវេណសារមន្ទីរ។
អាជ្ញាធរខេត្តសៀមរាប បានបិទសារមន្ទីរមីនអាគីរ៉ាជាបណ្តោះអាសន្ន ហើយកុមារកំព្រា២០នាក់ ដែលស្នាក់នៅទីនោះត្រូវបាយយកទៅរស់នៅផ្ទះឯកជនមួយ ដោយមានការជួយឧបត្ថម្ភពីជនបរទេសពីរនាក់ ប៉ុន្តែកំពុងប្រឈមកង្វះអារហារ។
កាលនោះភាពល្បីរបស់ លោក អាគីរ៉ា ត្រូវបានស្ថានីយ៍ទូរទស្សន៍អន្តរជាតិ CNN ធ្វើការជ្រើសរើស និង បញ្ជូនឈ្មោះ ក្នុងបញ្ជីបេក្ខជនកំពូលវីរបុរស ក្នុងចំណោមបេក្ខជនឆ្នើមៗ ១០រូបនៅជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតជ័យលាភីជើងឯក វីរបុរសសម្រាប់ ឆ្នាំ២០១០។ ប៉ុន្តែអ្វីដែលមហាជនខ្មែរ ដែលផ្ទុះការសោកស្រាយនិងមិននឹកស្មានដល់នោះ ឆ្នាំ ២០១៨ គឺជាឆ្នាំគ្រោះស៊យបំផុត លើជីវិតមនុស្សធម៌ដ៏ក្លាហានរបស់បុរសខ្មែរ លោក អាគីរ៉ា ជាង២០ឆ្នាំមកកន្លងមកនេះ ទាំងបង្កើតបានសារៈមន្ទីរម៉ីន និង ផ្តល់ការសង្គ្រោះជីវិតកុមារកំព្រាក៏បានច្រើនរយនាក់ ស្ថាបនឹកអង្កការនេះ បែរជាត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយចោទពីបទរក្សាទុកអាវុធខុសច្បាប់ទៅវិញ ក្រោមគ្រោះអគីភ័យឆេះសារមន្ទីរមីនរបស់លោក ក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
ការឃាត់ខ្លួនលោក អាគីរ៉ា មានមតិនៅលើបណ្ដាញសង្គម Facebook យកទៅបកស្រាយ តាមការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន និងបានធ្វើការវាយប្រហារ មកលើសមត្ថកិច្ចថា មិនគួរចាប់ខ្លួនគាត់នោះទេ ព្រោះគាត់មានគុណបំណាច់ធំណាស់ចំពោះប្រជាជនកម្ពុជា ហើយគាត់ក៏ជាវរជនមីននរបស់កម្ពុជាទៀត ៕