រថយន្តក្រុងដឹកអ្នកដំណើរ សូរិយា ដឹកថ្នាំញៀនជាង១២០គីឡូពីឡាវចូល កម្ពុជា តាមច្រកអន្តរជាតិខ្មែរ-ឡាវ ត្រពាំងគ្រៀល
ស្ទឹងត្រែងៈ ករណីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនធំបំផុត ដែលពុំធ្លាប់មានពីមុនមក ដែលសមត្ថកិច្ចចាប់បានគ្រឿងញៀនប្រមាណជាង១០០ដុំ មានទម្ងន់រហូតដល់ទៅ ១២០ គីឡូក្រាម នៅច្រកអន្តរជាតិខ្មែរ-ឡាវ ត្រពាំងគ្រៀល នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៨ ខណៈក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជា។
យោងតាមមន្រ្តីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក្រុងស្ទឹងត្រែង ឲ្យដឹងថា ថ្នាំញៀនចំនួន១២០ដុំ ជាប្រភេទម៉ាកទឹកកក គឺក្នុងមួយដុំ ទម្ងន់ប្រហែលជា១គីឡូក្រាម ត្រូវបានរកឃើញលើរថយន្តក្រុងដឹកអ្នកដំណើរ សូរិយា ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈកំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ និងបន្តគោលដៅទៅរាជធានីភ្នំពេញ។
មន្រ្តីច្រកទ្វារដដែល បន្តថា ការឃើញថ្នាំញៀនដ៏ច្រើននោះ ត្រូវបាននាំចេញពីប្រទេសឡាវ ។ សមត្ថកិច្ច បានឃាត់មនុស្សប្រុស៣នាក់ ដែលមានការពាក់ព័ន្ធក្នុងករណីនេះ ទី១ តៃកុងរថយន្ត ទី២អ្នកបកប្រែភាសា និងទី៣ ជនសង្ស័យជាម្ចាស់ថ្នាំញៀន៕