សម្តេចទាំងទ្វេរ ស្នើដល់ពលរដ្ឋ ចូលរួមចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ
ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សូមជូនពរ សិរីសួស្តីឆ្នាំថ្មី ២០១៩ ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ខ្ញុំនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ ថ្មីៗនេះ។
សម្តេចតេជោ បានថ្លែងថា បងប្អូនអាចនាំកូនចៅមកកម្សាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញ គឺមានលក់ត្រៀបត្រា នៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ។
សម្តេចនាយករដ្ឋមន្រ្តី ក៏សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកល នៅវិមាន ឈ្នះ ឈ្នះ យប់នេះឲ្យបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់ នូវសោភ័ណភាពវិមាន ប្រវត្តិសាស្រ្ត នាពេលរាត្រីទៀតផង។ ខ្ញុំនិងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូន ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យ ក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នា នៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់ នៅពាក់កណ្តាលអធ្រាត្រយប់នេះ៕