ប្រជាពលរដ្ឋ0៥គ្រួសារដែលប៉ះពាល់អគ្គិសនីខេត្តកំពង់ចាមព្រមព្រៀងយកសំណង អ្នកដែលនៅក្រុមការងារនឹងបន្តការដោះស្រាយ
ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ0៥គ្រួសារដែលទទួលរងផលប៉ះពាល់អគ្គិសនីខេត្តកំពង់ចាម បានព្រមព្រៀងយកសំណងហើយនៅល្ងាច ថ្ងៃអង្គារ៍ ទី២៦ខែមិថុនា ឆ្នាំ២០១៨ នេះ ហើយ អ្នកដែលនៅមិនទាន់ដោះស្រាយក្រុមការងារនឹងដោះស្រាយបន្តទៀត។
មន្ត្រីដែលជាក្រុមការងារចុះអនុវត្តលើកិច្ចការងារនេះបានអោយដឹងថា អនុវត្តតាមការណែនាំពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារ ដោះស្រាយផលប៉ះពាល់នៃអគ្គិសនីកម្ពុជា រួមជាមួយក្រុមការងារខេត្តកំពង់ចាមបានចុះធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ភ្លាមដែរ ហើយជាលទ្ធផល នៃការដោះស្រាយផលប៉ះពាល់ អគ្គិសនីខេត្តកំពង់ចាម មកដល់ល្ងាច ថ្ងៃអង្គារ៍១៤ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ទសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រុមការងារដោះស្រាយផលប៉ះពាល់អគ្គិសនីកម្ពុជា រួមជាមួយក្រុមការងារខេត្តកំពង់ចាម បានបន្តចុះ ដោះស្រាយផលប៉ះពាល់ការតបណ្តាញអគ្គិសនី តង៉ស្យុង២៣០ គីឡូវ៉ុល នៅអនុស្ថានីយ៍កំពង់ចាម ជាលទ្ធផល ថ្ងៃនេះ មានការព្រមព្រៀង ចំនួន 0៥គ្រួសារ ក្នុងការយកសំណង ក្នុងនោះ នៅភូមិកំពង់ត្រុំលើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មាន0៣គ្រួសារ គឺ លោក យាយ ឌុយ ឆៃឡាំង លោក ភួន វ៉ាន់ នី និង លោក ប៉េងសុខុម ។
នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម មាន0២គ្រួសារ គឺ លោកយាយ មិន សំអឿន ដោយមានកូនឈ្មោះ យឿន ធី មកចូលដោះស្រាយជំនួស និងលោកស្រី លី ចាន់ធីតា ។
សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋមិនទាន់ព្រមព្រៀង ទាំង នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រុមការងារយើង នឹងនៅបន្តដោះស្រាយជូនតាមគោលការណ៍ជាបន្តទៀត។
មន្ត្រីដែលចុះអនុវត្តការងារនេះសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារចាប់ពីថ្ងៃស្អែកបន្តទៀត៕