ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃឆ្លងឆ្នាំសកល២០១៨_២០១៩ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិប្រមានលាននាក់បានមកដើរលេងកម្សាន្ដនៅវិមាន ឈ្នះ ឈ្នះ

112
ភ្នំពេញ៖ នៅថ្ងៃឆ្លងឆ្នាំសកល២០១៨_២០១៩ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិប្រមានលាននាក់បានមកដើរលេងកម្សាន្ដនៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រី កម្មករក្រុមហ៊ុនស៊ីន ទ្រី សិស្សានុសិស្ស ចុះរើសសំរាមសំអាតបរិស្ថាន នៅទីតាំងវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដែលមានទីតាំង ស្ថិតក្នុងសង្កាព្រែកតាសេក ខណ្ឌជ្រោយចង្វា ដែលមានអ្នកចូលរួមប្រមាណជាង៧០០នាក់។

   លោកហួត ហៃ បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ ពោលគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ ២០១៨ និងឆ្លងចូលថ្ងៃទី០១ មករា២០១៩ រដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងសំរាមបានយ៉ាងល្អ។ ប៉ុន្តែទន្ទឹមនឹងទទួលបានលទ្ធផលល្អប្រសើរនេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារទាំងយប់ទាំងថ្ងៃសឹងតែគ្មានពេលសម្រាកឡើយ ។ លោកហួត ហៃ ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃឆ្លងឆ្នាំសកល២០១៨_២០១៩ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិប្រមាណលាននាក់បានមកដើរលេងកម្សាន្ដនៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដែលជាចំនួនមួយច្រើនជាងថ្ងៃទី០១ និងថ្ងៃទី២ នៃពិធីនេះ ។

សម្រាប់នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ធ្នូ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិមកដើរលេងកំសាន្តសប្បាយចំនួនប្រមាណជាង ១៥ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣០ធ្នូ វិញ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិមកដើរលេងកំសាន្តសប្បាយចំនួនប្រមាណ៣០ម៉ឺននាក់ ។ ចំណែកនៅថ្ងៃចុងក្រោយ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិមកដើរលេងកំសាន្តសប្បាយ ដែលចំនួនកើនឡើងរហូតដល់ប្រមាណ១លាននាក់ ។ មានន័យថារយៈពេល៣ថ្ងៃជាប់គ្នានេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិ ចំនួនប្រមាណ១លាន៤៥ម៉ឺននាក់បានអញ្ជើញ និងដើរលេងកម្សាន្ដនៅវិមាន ឈ្នះ ឈ្នះនេះ ដោយពួកគាត់បានបង្ហាញពីភាពសប្បាយរីករាយបំផុត។

លោកបានបញ្ជាក់ថា ការបោសសំអាតសំរាមបានល្អមិនមែនពឹងផ្អែកតែទៅលើ ក្រុមហ៊ុនស៊ីនទ្រី តែមួយ មុខនោះទេ គឺតម្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បី ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានសម្រាស់ស្អាត មានបរិស្ថានល្អ  ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាបានច្រើនកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងបញ្ជាក់អោយដឹងហើយថា សម្រាប់បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈវិញ ក្នុងពិធីបុណ្យខាងលើនេះគឺគ្មានបញ្ហាអ្វីទាំងអស់ ដោយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទនិងអាជ្ញាធរ បានដាក់ពង្រាយការពារ យ៉ាងល្អប្រសើរ ជូនអ្នកទស្សនាទាំងអស់។

គួរបញ្ជាក់ដែរថា សម្រាប់៣ រាត្រី នៃកម្មវិធីខាងលើនេះ មានការបាញ់កាំជ្រួចរាប់ម៉ឺនគ្រាប់ រំលេច សម្រស់លើវេហារ ដោយមានរូបភាពផ្សេងៗ ដូចជាបេះដូងជាដើម ហើយការបាញ់នោះមានរយៈពេលវែង មិនធ្លាប់មាននៅកម្ពុជា ដែលបានទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ត ដ៏ច្រើនកុះករនេះ ។ ក្រៅពីការបាញ់កាំជ្រួចហើយ ក៏នៅមានការប្រគំតន្ត្រី និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង