ចាប់មុខសញ្ញាក្រុមឆបោកប្រាក់ តាមរបៀបខ្ចីប្រាក់រយៈពេលខ្លី យកទៅបង់ប្រាក់ផ្ដាច់ នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន
កំពង់ស្ពឺ ៖ មុខសញ្ញាក្រុមឆបោកប្រាក់ មានការចាត់តាំង តាមរបៀបខ្ចីប្រាក់រយៈពេលខ្លី យកទៅបង់ប្រាក់ផ្ដាច់ នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដោយសន្យាសងម្ចាស់បំណុលវិញ ក្នុងរយៈពេលឆាប់ និងសន្យាផ្ដល់ការប្រាក់ខ្ពស់។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបេីកប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវ តាមបណ្ដឹងរបស់ជនរងគ្រោះ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន ២ នាក់ ៖
១-ឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅផ្ទះលេខ 84E1 ផ្លូវលេខ១៤១ ក្រុមទី៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដេីរតួរជាអ្នកខ្ចីប្រាក់ (កូនបំណុល)
២-ឈ្មោះស៊ុន សុភា ភេទប្រុស អាយុ ២៩ឆ្នាំ រស់ នៅភូមិអណ្ដូង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដេីរតួជាអ្នកសម្របសម្រួលលេីការរកអ្នកមានប្រាក់ (ជំនួយការផ្នែកច្បាប់ និងធានាផ្នែកហិរញ្ញវត្ថុ) ចំណែកបក្ខពួកមួយចំនួនទៀត បានគេចខ្លួន ។
រឿងរ៉ាវដំបូងនោះ គឺក្រុមគេដេីរតួស្វែងរកអ្នកមានប្រាក់ និងប្រកបមុខរបររកសុីចងការប្រាក់ បន្ទាប់មកផ្ដល់លេខទូរស័ព្ទឲ្យទៅអ្នកផ្សេងបក្ខពួកចង់ខ្ចីប្រាក់ ទូរស័ព្ទប្រាប់ថាមានគេចង់ខ្ចីប្រាក់បង់ផ្ដាច់នៅតាមធនាគារឯកជន ដេីម្បីសុំខ្ចីបន្ដទៀតដោយគេខ្ចីរយៈពេលខ្លីនិងផ្ដល់ការប្រាក់ខ្ពស់។ បន្ទាប់ពីទំនាក់ទំនងរួច គឺគេបាននាំមនុស្សម្នាក់ ដេីរតួជាអ្នកផ្នែកជំនួយការធនាគារ ដេីម្បីសួរនាំថា តេីប្រាក់ដែលត្រូវផ្ដល់មកវិញបានលឿនទេ ប៉ុន្មានថៃ្ងដែរ ពេលនោះក្រុមគេដែលបានរៀបចំរួចជាស្រេច បានឆ្លេីយថាមិនយូរទេឆាប់ៗ ២ ឫ ៣ថៃ្ងបានហេីយ។ បន្ទាប់ពីបានប្រាក់ពីម្ចាស់បំណុលរួច គឺគេបានណាត់ថា នៅពេលខាងធនាគារហៅគឺគេនិងនាំម្ចាស់បំណុលទៅបេីកប្រាក់ផ្ទាល់តែម្ដង កុំឲ្យពិបាកយកមកសងដល់ផ្ទះ ប៉ុន្តែនៅពេលដល់ថៃ្ងណាត់ គឺគេបាននាំម្ចាស់បំណុលទៅមែន ដល់ធនាគារ តែពួកគេប្រេីល្បិចមួយទៀតគឺភ្លេចយកអត្ដសញ្ញាណប័ណ្ណ ពេលនោះឈ្មោះ ម៉ា រ័ត្នមុន្នី បានមកយកឯកសារនៅផ្ទះ រួចក៏គេចខ្លួនរហូត (រឿងចម្លែកបំផុតគឺម្ចាស់បំណុល មុនឲ្យប្រាក់ខ្ចី គឺចង់មេីលឯកសារដែលកូនបំណុលជំពាក់ខាងធនាគារមួយណា ហេីយលុយដែលនៅសល់មានប៉ុន្មានជាក់ស្ដែង តែឯកសារដែលគេយកមកបង្ហាញនោះ គឺជាឯកសារក្លែងទាំងអស់ ដែលរៀបចំដោយឈ្មោះស៊ុន សុភា តែម្ដង)។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ថា ក្រុមនេះនៅមានបក្ខពួកមួយចំនួនទៀត ដែលខាងជំនាញ កំពុងតែបន្ដនីតិវិធីស្រាវជ្រាវដេីម្បីធ្វេីការឃាត់ខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ។
ជាការសំណូមពររបស់ជំនាញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបររកសុីចងការប្រាក់ លក្ខណៈឯកជន សូមមេត្ដាពិនិត្យមេីលមនុស្សននិងឯកសារឲ្យបានជាក់លាក់ មុននិងផ្ដល់ប្រាក់ជូនព្រោះបច្ចប្បន្នក្រុមនេះ មានបណ្ដាញនិងមេខ្លោងជាអ្នកមានអំណាចខ្លាំងនៅពីក្រោយខ្នង ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេ មិនព្រមឆ្លេីយដាក់មេខ្លោង ជាដាច់ខាត និយាយរួមខ្លាំងជាងមេចោរប្លន់ទៅទៀត ដោយពួកគេត្រូវបានមេខ្លោង បញ្ចេះថាជារឿងកិច្ចសន្យា មិនមែនរឿងព្រហ្មទណ្ឌនោះទេ ទោសមិនជាប់ពន្ធនាគារ គេត្រឹមតែសងប្រាក់ទៅដេីមបណ្ដឹងវិញ តាមលទ្ធភាពតែប៉ុណ្ណោះ ចំណុចនេះហេីយ ដែលគេចាញ់បោកការញុះញង់និងធានាពីមេរបស់គេ៕