ជនជាតិចិនម្នាក់ ត្រូវឃាត់ខ្លួន ករណីមនុស្សឃាតដោយចេតនា លើជនជាតិចិនដូចគ្នា
ព្រះសីហនុ៖ ជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅក្រុមទី៦ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ របស់មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពសម្រុកចូលក្នុងរថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ក្នុងខណៈពេលដែលជនរងគ្រោះកំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ។ ដោយជនសង្ស័យទាំង ៣នាក់នោះ មានកូនកាំបិតស្នៀត ១ដើម និងកាំភ្លើងខ្លី១ដើម ក្នុងពេលដែលពួកគេកំពុងវាយ និងយកកាំភ្លើងភ្ជង់គម្រាមកំហែងជីវិតរបស់ជនរងគ្រោះនៅក្នុងរថយន្ត ក៏ត្រូវកម្មកររបស់ជនរងគ្រោះឃើញ ហើយមានការឆោរឡោឡើង ពេល នោះជនសង្ស័យទាំង ៣នាក់ បាននាំគ្នារត់គេចខ្លួនអស់។
បន្ទាប់ពីបានទទួលដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានស្រាវជ្រាវរហូតចាប់ខ្លួនបានជនសង្ស័យ១នាក់។
ជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករ ស្នាក់នៅផ្ទះជួល ក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានរងរបួសស្នាមជាំនៅកញ្ចឹងក។ វត្ថុតាងចាប់យកបាន៖ កូនកាំប៉ិតស្នៀត១ដើម(ឧបករណ៍ប្រព្រឹត្តិបទល្មើស)។ ចំពោះជនសង្ស័យ ០២នាក់ ដែលរត់គេចខ្លួន កម្លាំងសមត្ថ កិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួន។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕