បាក់ច្រាំងទន្លេមេគង្គ នៅស្រុកមុខកំពូល នាំយកក្មេងប្រុសម្នាក់ទៅបាត់ ២ថ្ងៃហើយរកសពមិនទាន់ឃើញ
កណ្ដាលៈ ក្មេងប្រុសម្នាក់ ក្នុងចំណោម៤នាក់បានបាត់ខ្លួន បាននាំគ្នាទៅលេងនៅមាត់ច្រាំងទន្លេមេគង្គ តែជាអកុសលច្រាំងទន្លេបានបាក់ស្រុតធ្វើឲ្យក្មេងប្រុសម្នាក់ដោយទៅតាមច្រាំងទន្លេ បាត់តែម្ដង ហើយរហូតមកដល់ថ្ងៃទី២ខែមករានេះមិនទាន់រកឃើញសពនៅឡើយ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានចំនួន៤នាក់ និងបាត់ខ្លួនម្នាក់ ក្មេងប្រុសដែលបានបាត់ខ្លួននោះឈ្មោះ ឃាន់ ម៉េងហេង ភេទប្រុស អាយុ១៤ឆ្នាំសិស្ស មុខរបរសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យព្រែកដំបង ឪពុកឈ្មោះ ខុន សុឃាន់ អាយុ ៣៩ឆ្នាំ ម្តាយឈ្មោះ ឡូញ គន្ធា អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកក្មេងប្រុស៣នាក់ទៀតដែលរួចផុតជីវិតទី១-ឈ្មោះ ខា ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ ទី៣-ឈ្មោះ សុចាន់ បូរី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ សិស្ស ។ ក្មេងប្រុសទី១និងទី២មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៤-ឈ្មោះ វង្ស សុជាតិ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯច្រាំងទន្លេរដែលទទួលរងការបាត់ស្រុតមានបណ្ដោយប្រវែងប្រមាណ២០ម៉ែត្រ ជម្រៅប្រមាណ៧ម៉ែត្រ ។
ប្រភពដដែលបន្ដថា កន្លងមកក្មេងប្រុសរងគ្រោះ និងមិត្តភក្ដិតែងតែជិះកង់មកលេងកន្លែងកើតហេតុជាញឹកញាប់ ខណៈចេញពីរៀនពេលព្រឹក ។ លុះមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩ព្រឹក ក្មេងប្រុសរងគ្រោះបានជិះកង់ជាមួយមិត្ដភក្ដិដែលមានគ្នា៣នាក់ ឯឈ្មោះ ខា ចំរើន នៅកាច់ពោតជាប់ច្រាំងទន្លេស្រាប់ ហើយក៏បាននាំគ្នាចុះពីលើច្រាំងទៅឈរនៅជាប់មាត់ទឹក រួចបាននាំគ្នាយកជើងអង្រុនដី ដោយក្មេងប្រុសរងគ្រោះឈ្មោះ ឃាន់ ម៉េងហេង និងឈ្មោះសុចាន់ បូរី យកជើងអង្រុនដី និងយកឈើឆ្កឹះដីលេង ឯឈ្មោះខា ចំរើន និងវង្ស សុជាតិ ឈរនៅខាងក្រោយឈ្មោះ ឃាន់ ម៉េងហេង និងឈ្មោះ សុចាន់ បូរី ស្រាប់តែពេលនោះបានស្រុតដី បាក់ចូលទៅក្នុងទន្លេ បណ្តាលឲ្យក្មេងប្រុសទាំង៤នាក់ ធ្លាក់ចូលក្នុងទឹកទន្លេទាំងអស់គ្នា ខណៈនោះក្មេងប្រុសឈ្មោះ ខា ចំរើន ឈ្មោះ វង្ស សុជាតិ និងឈ្មោះ សុចាន់ បូរី បានស្រវ៉េស្រវ៉ាហែលឡើងមកលើគោករួចខ្លួន រីឯក្មេងប្រុសរងគ្រោះឈ្មោះ ឃាន់ ម៉េងហេង បានបាត់ខ្លួនទៅក្នុងច្រាំងទន្លេ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការរៀវរក ខណៈមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះពុំទាន់រកឃើញនៅឡើយទេ ។ ករណីនេះក្រុមគ្រួសារជនរងគ្រោះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច និងក្រុមអ្នកជំនាញកំពុងមុជទឹកស្វែងរកបន្ត ៕