ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន គ្រោងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ទៀត នៅឆ្នាំ២០១៩

99

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាន គ្រោងនឹងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់​ជាតិបន្ថែម លើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។ ការលើកឡើងរបស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ​ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ​ទីភ្នាក់​ងារសារព័ត៌មានកម្ពុជា AKPនិងវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី០២ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។ នេះបើតាមការផ្សាយរបស់វេបសាយ ក្រសួងព័ត៌មាន AKP នៅថ្ងៃទី២មករានេះ។

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះ​ គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនិងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសម្លេងតែប៉ុណ្ណោះ។ លោក រដ្ឋ​មន្រ្ដីបានលើកឡើងថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាព ខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជន​និងប្រិយ មិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មាន របស់ជាតិឱ្យ​កាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មាន ក៏មានគម្រោងបង្កើតកន្លែងផ្ទុកទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែល បន្សល់ទុកជាយូរមកហើយ។

លោក បានបន្ថែមថា​ បច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំ ចំនួន៥១២​អង្គភាព ព័ត៌មានព្រឹតិ្ដបត្រព័ត៌មាន ដែលផ្សាយតាមអនឡាញ ចំនួន៧២អង្គភាព ស្ថានីយទូរទស្សន៍ ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាប ទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថល មានចំនួន៥។

ជាមួយគ្នានេះដែរ លោក រដ្ឋមន្រ្ដី ក៏បានកត់សម្គាល់ឃើញថា ទន្ទឹមនឹងការរីកចម្រើន ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានកម្ពុជាក៏មានការអភិវឌ្ឍខ្លួន ផ្នែកសមត្ថភាព វិជ្ជាជីវៈ និងមានអ្នកសារព័ត៌មានមួយចំនួន អាចប្រឡូកអាជីពសារព័ត៌មាន ជាមួយអង្គភាពសារព័ត៌មានបរទេស តាមរយៈការសរសេរ និងធ្វើបទវិភាគឱ្យសារព័ត៌មានល្បីៗ របស់ពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង