ខេត្តកែបទទួលភ្ញៀវទេសចរប្រមាណជាង១៥ម៉ឺននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩
ខេត្តកែប ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានសម្រុកមកលម្ហែ កម្សាន្ត នៅក្នុងរមណីយដ្ឋានឆ្នេរកែប យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រៅពីនោះតំបន់ទេសចរណ៍ឯទៀត នៃភូមិសាស្ត្រខេត្តកែបក៏មានមនុស្សទៅ លម្ហែកម្សាន្តដូចទឹកបាក់ទំនប់ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ ដល់រាត្រីឆ្លងឆ្នាំ ថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ ខេត្តកែបបានទទួលបដិសណ្ឋារកិច្ចក្រុមអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយកំណើនភ្ញៀវមានការកើនឡើង គួរឱ្យកត់សម្គាល់មានប្រមាណជាង១៥មឺុននាក់ឯណោះ។
ជាមួយនឹងឱកាសនោះដែរ គេបានកត់សម្គាល់ឃើញភ្ញៀវទេសចរ ដែលមកពីគ្រប់មបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសក្រៅពីសម្រុក មកលម្ហែនៅមាត់ឆ្នេរកែប ឬឆ្នេរអង្កោល ពួកគាត់បាននាំ ក្រុមគ្រួសារជិះទូកទៅសម្រាក លម្ហែនៅតាមបណ្តាកោះមួយចំនួន នៃភូមិសាស្តខេត្តកែបផងដែរ ពិសេសកោះទន្សាយដែលជាទីតាំង មួយមានទេសភាពយ៉ាងស្រស់ត្រកាល មានខ្យល់អាកាសបរិសុទ្ធប្រកប ដោយភាពទាក់ទាញបំផុត។
ចំពោះថ្ងៃដ៏វិសេសវិសាលនៃពិធីឆ្លងឆ្នាំសកល២០១៨-២០១៩នេះ ក្រុមអ្នកទេសចរបាននាំគ្នាទៅលម្ហែ កម្សាន្ត នៅចំណុចមាត់ឆ្នេរកែប យ៉ាងច្រើនកុះករ ព្រោះ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្តកែប ក្រៅពីមានរៀបចំកម្មវិធីរាំសប្បាយ ក៏មានការបង្ហោះគោមរាប់រយគោម និងការអុជកាំជ្រួចជិត១.០០០ដើម សម្រាប់អបអរក្នុងឱកាស ឆ្លងឆ្នាំសកល២០១៨-២០១៩ផងដែរ។
គេបានសង្កេតឃើញផងដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំនេះ សម្រាប់ខេត្តកែប ពិតជាមានមនុស្សសម្រុកមកសម្រាក លម្ហែ កម្សាន្តច្រើនសន្ធឹកសន្ធាប់ ហើយរមណីយដ្ឋានមួយនេះ ពិតជាមានសណ្តាប់ធ្នាប់ និងរក្សាបានសុខសុវត្ថិភាព ល្អប្រសើរជូនក្រុមអ្នកទេសចរទៀតផង៕