ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជម្រុញអោយខណ្ឌនិងមន្ទីរជំនាញសម្រុកជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អាតក្នុងរដូវប្រាំងនេះ

74
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញអោយខណ្ឌនិងមន្ទីរជំនាញចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញសម្រុកលើការងារជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អាតក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូបចុកបង្កអោយលូស្ទះក៏នឹងមានវិធានការធ្ងន់ធ្ងរផងដែរ ។
  ការជម្រុញនិងមានវិធានការបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ មករាឆ្នាំ២០១៩នៅ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌទាំង៤កណ្តាលក្រុងក្នុងឆ្នាំ២០១៨និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើងនាពេលបច្ចុប្បន្ននេះ
ឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។
   លោកបន្តថា សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសំរុកជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានស្អាតក្នុងរដូវប្រាំងនេះ ដោយយើង មានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ។ក្រៅពីការជួសជុលផ្លុវ ស្តារលូ ស្តារប្រឡាយនេះ  អាជ្ញាធរខណ្ឌត្រូវចុះ ណែនាំអប់រំ ប្រជាពរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំអោយពួកគាត់បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ ។បើពួកគាត់មិនស្តាប់ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់មិនអនុវត្តតាមទៀត ដោយនៅតែបញ្ចូលកាកសំណល់ទៅក្នុងអណ្តូងលូទៀតនោះ យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង ។
   លោកឃួង ស្រេងបានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកអោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។
  ក្នុងកិច្ចប្រជុំនោះបញ្ហាសណ្តាប់ធ្នាប់ក៏ត្រូវបានលោកឃួង ស្រេង លើកឡើងផងដែរ ដោយលោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូវ មិនអោយសាងសង់លើទ្រូងផ្លូវដាច់ខាត ហើយចំពោះរថយន្តធំចូលក្រុងវិញត្រូវតែមានវិធានកាេអោយបានម៉ឹងម៉ាត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូលីសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវឃាត់រថយន្តធំៗទាំងនោះទុក ហើយសួរនាំអោយបានច្បាស់ ថាតើគោលដៅណាដែលអនុញ្ញាតិអោយរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕
អត្ថបទដែលជាប់ទាក់ទង