ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់យោធាម្នាក់ ជាអតីតប្តីដើម ចាក់សម្លាប់ប្ដីក្រោយ​ជាជនជាតិចិន​ ដែលរត់គេចទៅដល់ខេត្តព្រះវិហារ

153


ព្រះវិហារ៖ ​ក្នុងរយៈពេល១០ថ្ងៃ កងកម្លាំងនគរបាល បានបំបែកសំណុំរឿង តាមចាប់ខ្លួនជនដៃដល់ម្នាក់ ជាយោធា ដែលប្រើកាំបិតចាក់សម្លាប់បុរសជនជាតិចិនម្នាក់ ​ជាប្តីក្រោយរបស់អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ និងស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនជនដៃដល់ម្នាក់ ដែលចាក់សម្លាប់បុរសជនជាតិចិនម្នាក់ ពេកកំពុងញ៉ាំស៊ុបជាមួយនឹងក្រុមគ្រួសារសង្សាររបស់ខ្លួននៅភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកទល់ល្ងាចថ្ងៃទី៣ ខែមករានេះ កម្លាំងសមត្ថកិច្ចកំពុងតែបញ្ជូនខ្លួនជនដៃដល់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្ដការសួរនាំ ទើបបញ្ជូនមករាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា នៅម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ បុរសជនជាតិចិន ដែលជាប្ដីក្រោយ បានស្លាប់ ដោយសារអតីតប្តីដើម បានលបចាក់សម្លាប់ ។ នៅមុនពេលកើតហេតុ​គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។

បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗ នៅឯគ្លីនិកឯកជន​​ រីឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​រុស្ស៊ី តែ​​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង