គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ទៅនឹងអង្គការសេរីអន្តរជាតិ មានមូលដ្ឋាននៅអង់គ្លេស ដែលបានគាំទ្រចលនាសង្គ្រោះជាតិ លើការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ការឆ្លើយតបទៅនឹងអង្គការសេរីអន្តរជាតិ (Liberal International)។
គ.ជ.ប បានប្រកាសថា អង្គការសេរីអន្តរជាតិ (Liberal International) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ធ្វើការគាំទ្រទៅលើញត្តិ របស់ចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ៖ នៅក្នុងញត្តិនើ បានទាមទារលក្ខខណ្ឌមួយចំនួន ដែលនាំឲ្យមានការប៉ះពាល់ដល់តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺត្រូវធ្វើឡើងតាមការកំណត់របស់ច្បាប់ នៃនីតិកាលនីមួយៗ របស់រដ្ឋសភា ដែលមានរយៈ៥ឆ្នាំម្តង។ គ្មាននរណា ឬប្រទេសណា មករារាំងដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅ ស្របតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស បាននោះទេ។
សរុបមក មានតែប្រជាពលរដ្ឋខ្មែរទេ ដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណាមកសម្រេចជោគវាសនា ប្រទេសខ្មែរជំនួសប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតនោះទេ។ គ.ជ.ប បានស្នើឲ្យអង្គការសេរីអន្តរជាតិ គួរស្វែងយល់ឲ្យបានស៊ីជម្រៅ អំពីរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បើតាមការផ្សព្វផ្សាយរបស់ផេកលោកសម រង្ស៊ី បានឲ្យដឹងថា “ញត្តិ អង្គការសេរីនិយមអន្តរជាតិ (Liberal International ហៅកាត់ LI) ស្តីពីប្រទេសកម្ពុជា អនុម័ត នៅទីក្រុងប៊ែរឡាំង (Berlin) ថ្ងៃ ២២ មិថុនា 2018 ដែលអំពាវនាវឲ្យរដ្ឋាភិបាលសេរីនិយមក្នុងពិភពលោក គាំទ្រការតស៊ូរបស់គណបក្សសង្គ្រោះជាតិ ដាក់ទណ្ឌកម្មលើរបបផ្តាច់ការរបស់លោក ហ៊ុន សែន និងមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ខាងមុខ ព្រមទាំងមិនទទួលស្គាល់រដ្ឋាភិបាលណា ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយបែបនេះ”៕