ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននឹងកំពុងធ្វើសកម្មភាពកាយបង្ហូរទឹកពីសហគមន៍ភូមិអណ្តូង តាមបណ្តាញលូថ្មីទៅប្រឡាយវត្តជុំ និងបន្តហូរទៅប្រឡាយទួលសំពៅ

102

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នារដូវវស្សាកន្លងមកនេះតែងទទួលងរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។

ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាលតែងបានដឹកនាំ មន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌធ្វើការដោះស្រាយជាបន្ទាន់ សំដៅធ្វើយ៉ាងណាសម្រួលការលំបាកដល់ប្រជាពលរដ្ឋ។ 

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជម្រុញអោយមន្ត្រីជំនាញចុះធ្វើសកម្មភាព បើកការដ្ឋានស្ថាបនាស្តារ លូ ប្រឡាយនៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណារំដោះទឹកអោយបាននៅក្នុងរដូវវស្សាខាងមុខនេះ។ ជាក់ស្តែងនៅពេលនេះ  រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពកាយបង្ហូរទឹកពីសហគមន៍ភូមិអណ្តូងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ តាមបណ្តាញលូថ្មីទើបដាក់រួច មកប្រឡាយវត្តជុំដែលទើបជីករួច ហើយហូរបន្តទៅប្រឡាយទួលសំពៅ ។

   មន្ត្រិដដែរបានបញ្ជាក់ថា ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញត្រូវជីកផ្តាច់ផ្លូវដាក់លូប្រអប់ជំនួសលូចាស់តូចទំហំតែ ០.៦ម៉ែត្រដែលសង្ឃឹមថា នៅរដូវវស្សាឆ្នាំ២០១៩ខាងមុខនេះ នឹងកាត់បន្ថយការលិចលង់នៅសហគមន៍ភូមិអណ្តូង និងតំបន់សង្កាត់គោករការជាក់ជាមិនខាត។

   គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៥ កញ្ញា២០១៨កន្លងមកនេះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពលូ ប្រឡាយក្នុងភូមិសាស្ត្រខាងលើដើម្បីរិះរកវិធីសាស្ត្រ រំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋជាបណ្តោះអាសន្ន ខណៈដែលពេលនោះទឹកកំពុងលិចភូមិដ្ឋានប្រជាពលរដ្ឋនៅត្រាំត្រែង ហើយដើម្បីដោះស្រាយបញ្ហាលិចលង់នេះដែរ កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបើកការដ្ឋានដាក់លូ២ខ្សែ នៅសងខាងផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ មានប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ ចាប់ពីវត្តអង្គជុំ ដល់ផ្លូវ២០១១ ដែលអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ហូរចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀតពីវត្តជុំ ទៅប្រឡាយទូសំពៅ  ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនារួចនិងមានកម្លាំងបូមខ្លាំងជាងមុន ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជីកប្រឡាយពីវត្តជុំ ទៅប្រឡាយសាក់សំពៅដែរ។ ក្រោយការភ្ជាប់លូផ្លូវ១៩៦២ និងការបញ្ចប់ការជីកប្រឡាយវត្តជុំ ទៅប្រឡាយសាក់សំពៅ រួចរាល់នោះ នឹងធ្វើអោយតំបន់សហគមន៍អណ្តូង និងផ្ទះប្រជាពលរដ្ឋនៅតំបន់ជិតៗគ្នានេះលែងលិចលង់ទៀតហើយ៕

 

អត្ថបទដែលជាប់ទាក់ទង