១០នាក់ បានស្លាប់ដោយសារមីន ឆ្នាំ២០១៨
ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី៧ខែមករាឆ្នាំ២០១៩នេះ បានបញ្ចេញរបាយការណ៍ពីអត្រាជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០១៨ ដោយក្នុងនោះមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតពីខែមករា មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៨ មានចំនួន ៥៨នាក់ តួលេខនេះ មានចំនួនដូចគ្នានៅឆ្នាំ២០១៧ ដែលមានជនរងគ្រោះចំនួន ៥៨នាក់។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះចំនួន ៥៨នាក់ ក្នុងឆ្នាំ២០១៨ មាន៖ ជនរងគ្រោះដោយសារមីន ចំនួន ១៣នាក់ (២២ភាគរយ) និងដោយសារសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ចំនួន ៤៥នាក់ (៧៨ភាគរយ) ។ ជនរងគ្រោះជាបុរស ចំនួន ៣៦នាក់ (៦២ភាគរយ) ជាក្មេងប្រុស ចំនួន ១៤នាក់ (២៤ភាគរយ) ជាស្ត្រី ចំនួន ៦នាក់ (១០ភាគរយ) និងជាក្មេងស្រី ចំនួន ២នាក់ (៤ភាគរយ)។ ជនរងគ្រោះស្លាប់ ចំនួន ១០នាក់ (១៧ភាគរយ) ពិការ ចំនួន ១២នាក់ (២១ភាគរយ) និងរបួស ចំនួន ៣៦នាក់ (៦២ភាគរយ) ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននឹងកំពុង រស់នៅក្បែរតំបន់ សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម ឲ្យមានការប្រយ័ត្នខ្ពស់ និងត្រូវសហការជាមួយភ្ងាក់ងារកម្ចាត់មីន ដើម្បីផ្តល់នូវព័ត៌អំពីមីន ៕