ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ប្រធានាធិបតីប្រទេសGabon កំពុងតែសម្រាកព្យាបាល​ជំងឺ​នៅប្រទេស​ម៉ូរ៉ូកូ មេទ័ពនាំគ្នាធ្វើរដ្ឋប្រហារ​ ត្រូវបរាជ័យនិងចាប់ខ្លួន

107

ហ្គាបុង៖ ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារនៅប្រទេស​អាហ្វ្រិកកណ្តាលហ្គាបុង (Gabon) បានទទួល​​បរាជ័យហើយ ដោយ​ពេល​នេះ​​កងកម្លាំងរដ្ឋាភិបាល​ បានក្តោបក្តាប់​​ស្ថានការណ៍​​​មកវិញទាំង​ស្រុង ខណៈមនុស្ស​ ៤នាក់​ត្រូវបានចាប់ខ្លួន និងម្នាក់ទៀត​ដែល​រដ្ឋាភិបាល​ប្រកាស​ចាប់ខ្លួន ​​កំពុងតែរត់​គេចខ្លួន។ នេះបើតាម​​ការចេញផ្សាយ​​ដោយ​​សារព័ត៌មាន Reuters និង BNO News នាល្ងាច​​ថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩។

ទាហាន​មួយចំនួន​នៅក្នុងប្រទេសហ្គាបុង បានរៀបចំ​ធ្វើរដ្ឋប្រហារ ខណៈដែល​លោក​ប្រធានាធិបតី អាលី បុងហ្គោ (Ali Bongo) កំពុងតែសម្រាកព្យាបាល​ជំងឺ​នៅប្រទេស​ម៉ូរ៉ូកូ ដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកដូចគ្នា។ ពីដំបូងឡើង​យោធា​ដែលដឹកនាំ​ដោយ​មេទ័ព​មួយរូប​ឈ្មោះ ឃែលលី អូនដូ អូប៊ីយ៉ាង (Kelly Ondo Obiang) បានប្រកាស​ក្រោយរឹបអូស​ស្ថានីយវិទ្យុជាតិហ្គាបុងថា «អ្នក​គាំទ្ររបស់យើងពិតជាខកចិត្តខ្លាំងណាស់ ចំពោះ​សារ​ដែលរដ្ឋាភិបាលលោក បុងហ្គោ បានថ្លែងនៅថ្ងៃឆ្លងឆ្នាំសកល…។ ដូច្នេះ​យើង​បាន​បង្កើត​ក្រុមប្រឹក្សាស្តារមួយ ដើម្បីលើកស្ទួយប្រជាធិបតេយ្យឡើងវិញ និង​អំពាវនាវ​ឲ្យ​កងទ័ព​ទាំង​អស់ងើបឡើង​ដើម្បីគ្រប់គ្រងមូលដ្ឋានទ័ពទាំងអស់ក្នុងប្រទេស…»។
គួរបញ្ជាក់ថា បន្ទាប់ពីការថ្លែង​តាមវិទ្យុ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ​សប្តាហ៍នេះ ក៏​មានសេចក្តីរាយការណ៍​ជាបន្តបន្ទាប់​ទៀតឲ្យដឹងថា ព្រលាន​យន្តហោះអន្តរជាតិ ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន មូលដ្ឋានទ័ព និង​មធ្យោបាយ​ដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានយោធា​​​ក្រសោបគ្រប់គ្រង​ជាស្ថាពរផងដែរ រួមជាមួយតំណឹងអំពី​ប្រព័ន្ធអ៊ីនធើណែត​​ទូទាំង​ប្រទេស Gabon ត្រូវបាន​កាត់ផ្តាច់ ខណៈ​សំឡេង​ផ្ទុះអាវុធត្រូវគេលឺចេញ​ពីរដ្ឋធានីលីប្រេវាល​ថែមទៀត។
លោក Ali Bongo បានឡើងកាន់​​តំណែងជាប្រធានាធិបតី Gabon បន្តដំណែងពី​ឪពុករបស់លោក​គឺលោក អូម៉ារ បុងហ្គោ (Omar Bongo) កាលពីឆ្នាំ២០០៩ ខណៈគ្រួសារ​របស់លោក បានដឹកនាំ​ប្រទេសអាហ្រ្វិកកណ្ដាល​មួយនេះ​ ជាង ៥០ឆ្នាំមកហើយ។ លោក Ali Bongo បានចាកចេញ​ពីប្រទេសអស់រយៈពេល ០២ខែ ក្រោយមាន​សេចក្ដីរាយការណ៍ថា លោកមានជំងឺសសៃ​ឈាមកាលពីខែតុលា ហើយ​ទទួល​ការព្យាបាល​ក្នុងប្រទេស​ម៉ារ៉ុក។
យ៉ាងណាក៏​ដោយ ក្រៅពីការចេញផ្សាយ​ព័ត៌មាននៅមុននេះ​បន្តិចថា ស្ថានការណ៍នៅ​ក្នុង​ប្រទេស​ត្រូវ​បានកងកម្លាំងរដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី បុងហ្គោ ក្តោបក្តាប់​មកវិញនោះ គេក៏នៅមិនទាន់​មាន​​ព័ត៌មានអ្វី​បញ្ជាក់បន្ថែម​​ទៀតនោះដែរ ព្រោះអ្វីៗ​គ្រប់យ៉ាងក្នុងប្រទេស​អាហ្វ្រិកកណ្តាល​នេះ ត្រូវបានរឹត​ត្បិតពីពិភពលោក​ខាងក្រៅ​ហើយ។
ដោយឡែក មកទល់នឹង​ពេលនេះ​រដ្ឋាភិបាល Gabon មិនទាន់ធ្វើ​អត្ថាធិប្បាយអ្វី​នៅឡើយទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់​សម្គាល់ គឺវាបានកើតឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ អះអាងថា យោធាអាមេរិកចំនួន ៨០នាក់​បានទៅដល់រដ្ឋធានី Libreville របស់ប្រទេស Gabon ដែលមាន​ព្រំដែន​ជាប់​​​កុងហ្គោ កាលពី​ថ្ងៃពុធសប្ដាហ៍មុន ដើម្បីត្រៀមឆ្លើយ​តប​ទៅ​នឹង​អំពើ​ហិង្សា​ ​នៅ​ក្នុង​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្គោ ដែលកំពុង​ប្រឈមមុខ​នឹងវិបត្តិ​អំឡុងការបោះឆ្នោត​ប្រធានាធិបតី៕

អត្ថបទដែលជាប់ទាក់ទង