ឆក់កាបូបពីនារីម្នាក់មិនបានសម្រេច បត់ម៉ូតូមកធាក់ម៉ូតូជនរងគ្រោះផ្តួល តែអកុសលត្រូវប្រជាពលរដ្ឋដេញចាប់បាននិងនាំគ្នាព្រួតវាយមួយដៃមួយជើងរហូតទ្រោមខ្លួន
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាននិងនាំគ្នាព្រួតវាយមួយដៃមួយជើងរហូតទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច ប៉ូលីសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ខណៈដែលជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ហើយភ្លាត់ស្នៀតត្រូវប្រជាពលរដ្ឋដេញតាមរហូតចាប់ខ្លួនបាននោះ។
អំពើឆក់នេះបានកើតមានឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ព្រីង តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទេប ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS 4845 ចេញពីធ្វើការក្នុងគោលបំណងទៅផ្ទះនៅខាងក្រោយវត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ិចហ្សិចទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HB-2656 ធ្វើដំណើរមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច។ ភ្លាមនោះជនសង្ស័យជិះហួសបន្តិច រួចក៏បកមកវិញធាក់ម៉ូតូជនរងគ្រោះផ្តួល ឆក់កាបូបម្តងទៀត ។ឃើញសកម្មភាពបែបនេះប្រជាពលរដ្ឋនៅក្បែរនោះ ក៏បានជួយអន្តរាគមន៍ដេញចាប់បាននិងបាននាំគ្នាព្រួតវាយមួយដៃមួយជើងរហូតទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច ប៉ូលីសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការនីតិវិធីច្បាប់៕