ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសចិន​បង្ក្រាបក្រុម​លក់កាំភ្លើង​តាមអនឡាញ

116

​(ប៉េកាំង)៖ ប៉ូលិសនៅ​ក្នុងទីក្រុង​ហាប៊ីន (Harbin) នៃខេត្ត​ហៃឡុងជាំង (Heilongjiang) ស្ថិតនៅភាគ​ឦសានប្រទេសចិន បានចាប់ខ្លួន​ជនសង្ស័យ ២៤នាក់ និងរឹបអូសកាំភ្លើងបាន ៤២ដើម នៅក្នុង​ប្រតិបត្តិការ​បង្ក្រាបការលក់អាវុធខុសច្បាប់​ នៅក្នុងបណ្ដាញអ៊ីនធើណែត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៧ ប៉ូលិសចិនត្រួវបានគេ​ជូនដំណឹងថា មនុស្សម្នាក់ហៅក្រៅ​ឈ្មោះ Ren មានកាំភ្លើងមួយ​ដើមនៅក្នុងដៃ ហើយអំឡុងពេល​ស៊ើបអង្កេត ប៉ូលិសបានរកឃើញ​ជនសង្ស័យម្នាក់ទៀត​ឈ្មោះ Lin ដែលបានលក់​កំាភ្លើងខាងលើឱ្យ​ជនឈ្មោះ Ren។ បុរស​ឈ្មោះ Lin ត្រូវបានប៉ូលិស​ចាប់ខ្លួនកាលពី​ខែឧសភា ឆ្នាំ២០១៧ និងត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ១ឆ្នាំ និង ៧ខែ កាលពី​ខែតុលា ឆ្នាំ២០១៨។
បន្ថែមពីនេះទៀត ការស៊ើបអង្កេតនេះ​ក៏បានបង្ហាញ​ដែរថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ Lin បានទិញកាំភ្លើង​ជាច្រើនពី​បរទេស ហើយលក់វា​ទៅវិញចំនួន ៧០ដើម ឱ្យទៅអតិថិជន ៣៨នាក់ នៅលើបណ្តាញ​អ៊ីនធើណែត។
គួរបញ្ជាក់ថា ការកាន់កាប់​កាំភ្លើងជាលក្ខណៈបុគ្គល គឺជាទង្វើខុសច្បាប់​នៅក្នុងប្រទេសចិន ដែលកំពុងធ្វើយុទ្ធនាការ​បង្រ្កាបបទល្មើស​ពាក់​ព័ន្ធនឹងកាំភ្លើង និងគ្រឿងផ្ទុះ អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ ទោះជាបែបក្តី អាជ្ញាធរចិន​មិនបានបញ្ជាក់ថា តើកាំភ្លើង​មានប្រភពពី​បរទេសនោះ គឺមកពី​ប្រទេសណាឲ្យ​ប្រាកដឡើយ៕

អត្ថបទដែលជាប់ទាក់ទង