ក្រុមហ៊ុនចិន តែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ ជាប្រធានកំពង់ផែអន្តរជាតិ SICT នៅខេត្តក្វាងទុង
ប៉េកាំង៖ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលធ្លាប់មានប្រវត្តិជាអ្នកជំនួយធំមួយក្នុងប្រទេសថៃដែរនោះ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានកំពង់ផែអន្តរជាតិ សានតូវ (Shahtou) ហៅកាត់ថា SICT ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Hutchison Port Holdings (HPH)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sea Trade និង South China Morning Post នាល្ងាចថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
ការប្រកាសអំពីតំណែងរបស់លោកស្រី យីងឡាក់ ដែលពីដំបូងឡើយត្រូវបានគេអះអាងថា បាននិងកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសអង់គ្លេសនោះ ត្រូវបានធ្វើឡើងនៅដើមខែមករា ឆ្នាំ២០១៩ នេះ ក្រោយពីឈ្មោះរបស់លោកស្រី ត្រូវបានបញ្ជូនទៅកាន់ផ្នែកចុះឈ្មោះរបស់កំពង់ផែកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ SICT គឺជាក្រុមហ៊ុនកំពង់ផែដែលត្រូវបានបង្កើតចេញផ្ទាល់ពីក្រុមហ៊ុន HPH និង China Merchants Port Group នៃទីក្រុងសានតូវ ជាមួយនឹងភាគហ៊ុនដាច់ដោយឡែកពីគ្នា ដោយភាគហ៊ុនរបស់ក្រុមហ៊ុនធំគឺ ៧០ភាគយ និងក្រុមហ៊ុន SICT ចំនួន ៣០ភាគរយ។
គួរបញ្ជាក់ថា HPH គឺក្រុមហ៊ុនប្រតិបត្តិករកំពង់ផែធំបំផុតមួយផងដែរ នៅលើសកលលោក ហើយវាក៏ជាសាខារបស់ក្រុមហ៊ុនធំមួយនៅហុងកុង ដែលបានបង្កើតក្រុមហ៊ុនកំពង់ផែ SICT ជាមួយអាជ្ញាធរទីក្រុង សានតូវ (Shantou) នៃខេត្តក្វាងទុង ភាគខាងកើតប្រទេសចិន កាលពីឆ្នាំ១៩៩៤។
ដោយឡែកលោកស្រី យីងឡាក់ ដែលទើបត្រូវបានតែងតាំងជាប្រធានកំពង់ផែ SICT នេះ គឺជាអតីតនាយករដ្ឋមន្ត្រីថៃទី ២៨ ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០១១ និងត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៤។ លោកស្រីជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា និងកំពុងរស់នៅក្នុងនាមជាមហាសេដ្ឋីនិរទេសខ្លួន៕