ជម្លោះឌឺដងដាក់គ្នា ស្ទាក់វ៉ៃ និងកាប់ បណ្តាលរបួសធ្ងន់រយះក្បាលម្នាក់ , ចាប់ម្នាក់
ខេត្តកណ្តាល៖
នគរបាល ស្រុកស្អាង បានឲ្តដឹងថា ជម្លោះឌឺដងដាក់គ្នា ស្ទាក់វ៉ៃ និងកាប់ បណ្តាលរបួសធ្ងន់ម្នាក់ ហើយជនដៃដល់ត្រូវចាប់ខ្លួនម្នាក់ និងម្នាក់ទៀតរត់បាត់។ ករណីនេះ កើតហេតុនៅថ្ងៃ អង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង១៥នាទី នៅចំនុចភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ចូន វាសនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (មានស្នាមមុតក្បាលចំនួន១កន្លែង ) ជនសង្ស័យ ចំនួន២នាក់ គឺឈ្មោះ គួរ មករា (ហៅ អិ ) ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន) និងឈ្មោះអឿន សំឯក ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ ( គេចខ្លួន) ។ វត្ថុតាងចាប់យករួមមាន៖ ដាវចំនួន១ ម៉ូតូចំនួន ១គ្រឿ ម៉ាក់ C១២៥ពណ៌ ខ្មៅផ្លាកលេខ កណ្តាល 1Z 9755 ។
នគរបាលបានប្រាប់រឿងហេតុថា នៅថ្ងៃទី៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៨និង០០នាទី មានឈ្មោះអឿន សំឯក បាននិយាយប្រាប់ឈ្មោះ
គួរ មករា (ហៅអិ) ថា ឈ្មោះ ចូន វាសនា បបួលមកវាយគ្នាមួយស្មើជាមួយ ឈ្មោះគួរ មករា ឯង។ ពេលឮដូច្នេះឈ្មោះ គួរ មករា ខឹងយ៉ាងខ្លាំង ហើយពេលនោះឈ្មោះ អឿន សំឯក បានជិះម៉ូតូម៉ាក C១២៥ ចំនួន១គ្រឿង ដោយ មានលាក់ដាវ ចំនួន១ ទៅជាមួយផង ឌុបឈ្មោះ
គួរ មករា ដើម្បីចាំជួបឈ្មោះចូន វាសនា នៅម្តុំផ្លូវចូលវត្តពោធិអណ្តែត បានរយះពេលប្រហែល១៥នាទីក្រោយមក ទើបបានជួបឈ្មោះចូន វាសនា ភ្លាមនោះ ឈ្មោះគួរ មករា បានស្ទុះទៅវាយតបជាមួយឈ្មោះ ចូន
វាសនា ដោយដៃ ឯឈ្មោះចូន វាសនា ក៏បានវាយតប់វិញដែរ ពេលនោះ ឈ្មោះ អឿន សំឯក បានយកដាវកាប់ទៅលើឈ្មោះចូន វាសនា ចំក្បាលចំនួនមួយដាវ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង បន្ទាប់មកបានក្រុមគ្រួសារបញ្ជូនទៅពេទ្យព្យាបាលរបួស ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា បានអន្ដរាគមន៍ ដល់កន្លែងកើតហេតុ និងបានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលស្វាយប្រទាល ធ្វើការឃាត់ខ្លួនបានឈ្មោះគួរ មករា ។ ចំណែកឈ្មោះ អឿន សំឯក បានគេចខ្លួនបាត់ពីមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅ អធិការនគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕