ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុខ ឥសាន បានថ្លែងថា ទ្វារបានបើកចំហរហើយ នៅឡើយរង់ចាំតែមនុស្សសុំចូលតែប៉ុណ្ណោះ

56

ភ្នំពេញ ៖ ព្រះមហាក្សត្រ បានឡាយព្រះហត្តលេខា ដាក់ឲ្យប្រើប្រាស់ច្បាប់ គណបក្សនយោបាយថ្មី ដើម្បីបើកផ្លូវឲ្យអតីតសមាជិក គណបក្សសង្រ្គោះជាតិ (CNRP) ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ទ្វារបានបើកចំហរហើយ នៅឡើយរង់ចាំតែមនុស្សសុំចូលតែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ផេកគណបក្សប្រជាជន នៅថ្ងៃទី៩មករា។

លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ថា នីតិសម្បទាធ្វើនយោបាយឡើងវិញមានហើយ ដោយសារព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមលើវិសោធនកម្មច្បាប់ “ស្តីពីគណបក្សនយោបាយ” បើកផ្លូវឲ្យមន្ត្រីអតីតបក្សប្រឆាំងដែលត្រូវតុលាការកំពូលព្យួរសិទ្ធិ ធ្វើនយោបាយកន្លងទៅ មានសិទ្ធិសុំយកនីតិសម្បទា ធ្វើនយោបាយឡើងវិញ ចាប់ពីថ្ងៃទី៨ មករា តទៅ ។

លោក បន្តថា “ដូច្នេះទ្វារបានបើកចំហរហើយ នៅតែមនុស្សសុំចូលតែប៉ុណ្ណោះ ច្បាប់បើកចំហរមានហើយ នៅសល់តែឆន្ទៈ របស់សាមីជនជាអ្នកនយោបាយប៉ុណ្ណោះ តើមានសំណូមពរចង់ធ្វើនយោបាយឡើងវិញឬអត់?” ។

អ្នកនាំពាក្យបក្សកាន់អំណាចសង្កត់ធ្ងន់ថា បើជឿតាមទណ្ឌិតសម រង្ស៊ី អស់ស្រូវពូជ បើម្ចាស់ការលើខ្លួនឯង គឺមានផ្លូវដើរតទៅមុខទៀត ។

សូមបញ្ជាក់ថា បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រម ឲ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវធ្វើនយោបាយ ដល់មន្ដ្រីគណបក្សប្រឆាំង លោក គង់ គាំ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកព្រមទាំងកូនប្រុសឈ្មោះ គង់ បូរ៉ា នឹងដាក់លិខិតទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង