សម្តេចតេជោ បានហៅតំបន់រោងចក្រ ក្នុងខេត្តតាកែវថាជា “បុប្ផាលាក់ខ្លួន”
ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសជួបជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការនៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើនដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។
ការរីកចម្រើនទាំងអស់នេះគឺកើតឡើងបានក្រោយពីយើងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះបានធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះនឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តសុំឲ្យកម្មករ និងម្ចាស់រោងចក្រ មានការយោគយល់គ្នាខ្ពស់ទៅវិញទៅមក និងចង់ឲ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះដែរ ម្ចាស់រោងចក្រត្រូវមានការគោរពស្រលាញ់ គិតគូរ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវខិតខំបំពេញការងារឲ្យបានល្អត្រឡប់ទៅវិញ បង្កើតបានជាសាមគ្គីភាពល្អរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះដែរ ម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះ ជាពិសេស គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់កម្មករពេលសម្រាក និងពេលទទួលទានអាហារ។
ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។
ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មាការិនីនៅថ្ងៃនេះជាជំនួបលើកទី៣ ហើយសម្រាប់ខេត្តតាកែវ។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា៖ កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការការត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានលើកបង្ហាញអំពី ស្ថានភាពការងារនៅក្នុងខេត្តតាកែវ នាពេលបច្ចុប្បន្នផងដែរ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា ៖បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានការងារសរុប ១៦៤ មានកម្មករនិយោជិត ៤៨,១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ និយោជិតចំនួន ៣៩,៩៤៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោករដ្ឋមន្ត្រី បានចាត់ទុកស្ថានភាពដ៏ល្អប្រសើរនៃវិស័យឧស្សាហកម្មនៅក្នុងខេត្តតាកែវនេះថា ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
វិស័យឧស្សាហកម្មជាវិស័យដ៏ចម្បងមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ។ ដើម្បីធ្វើឲ្យវិស័យមួយនេះមានភាពកាន់តែល្អប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញបេសកកម្មចុះពិនិត្យតាមរោងចក្រ សហគ្រាស និងសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។
បើតាមលោក អ៊ិត សំហេង មកដល់ត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ៦២លើក មានកម្មករ កម្មការិនីចូលរួមសរុប ៨៩៤,៧៤៧នាក់។ សម្រាប់រយៈពេលពេញពេញមួយឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះ សំណាល ជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥៩៦,១១៩នាក់។
តាមរយៈដំណើរចុះជួបជាបន្តបន្ទាប់នោះ មានបញ្ហាប្រឈមត្រូវបានដោះស្រាយ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ចេញជាគោលការណ៍ជូនដល់កម្មករ កម្មការិនី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការងារចំនួន១០ចំណុច ដើម្បីធានារក្សាបាននូវអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ កម្មការិនី។ ការងារទាំង១០ចំណុចនោះរួមមាន៖
១. គ្រប់រោងចក្រទាំងអស់ នឹងអនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ចំនួន ១៨២ដុល្លារ និងបើកប្រាក់ឈ្នួល ២សប្តាហ៍ម្តង។
២. កម្មករ និយោជិតទទួលបានការពិនត្យព្យាបាល ជំងឺដោយមិនបង់ប្រាក់។
៣. កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។
៤. បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន។
៥. និយោជកបានអនុវត្តកាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករ និយោជិត។
៦. រដ្ឋបាលថ្នាក់ក្រោមជាតិ បានត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករ និយោជិត។
៧. បានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍សម្រាប់កម្មករ និយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩។
៨. អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់ដំណាច់អតីតភាពការងារ បើកប្រាក់ដំណាច់អតីតភាពការងារជូនកម្មករ និយោជិត ៦ខែម្តង។
៩. បន្តសហការជាមួយក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ និយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
១០. បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូមានប្រទេស ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឲ្យពួកគេទទួលបានរបបគាំពារសង្គមទាំងពេលបច្ចុប្បន្ន និងពេលត្រឡប់មកវិញ៕