ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ ស្នាក់នៅ និង ធ្វើការដោយខុសច្បាប់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ដែលមកស្នាក់នៅ និង ធ្វើការដោយខុសច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ចំណុចផ្ទះកែច្នៃឈើ និង ហាងកាហ្វេ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រតិបត្តិការនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងការិយាល័យអនុវត្តន៍និតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលមូលដ្ឋាន មានការសម្របម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃប្រតិបត្តិការនគរបាលបានរកឃើញជនជាតិវៀតណាមចំនួន ១១នាក់ ស្រី២នាក់ ដែលមកស្នាក់នៅ និង ធ្វើការដោយខុសច្បាប់ កម្លាំងនគរបាលបានឃាត់ខ្លួន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលចូលរួមក្នុងប្រតិបត្តិការបានឲ្យដឹងថាជាទូទៅពេលឃាត់ខ្លួនហើយជនបរទេសទាំងអស់ និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសាពាក់ព័ន្ធការចូលមកធ្វើការងារជាកម្មករនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើ គ្មានលិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ។ តែមុននិងបណ្តេញចេញ នគរបាលកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសនីមួយៗឲ្យមកពិនិត្យ និងបំពេញឯកសារទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅវិញ។ ប្រសិនបើ មន្ត្រីស្ថានទូត មិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក៏ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ ៕