ប្តីចាប់ប្រពន្ធ វេចលុយជាង៥ម៉ឺនដុល្លារ រត់ទៅអូស្រ្តាលីវិញ ក្រោយរៀបការបាន៥ថ្ងៃ
ភ្នំពេញ៖ ក្រោយពេលរៀបការហើយបានប្រមាណ៥ថ្ងៃ នាងជាប្រពន្ធ ដែលសញ្ជាតិខ្មែរអូស្រ្តាលី មិនព្រមផ្សំដំណេកជាមួយប្តី ដោយរកលេសថាមិនស្រួលខ្លួន បែរជាវេចលុយ បណ្តាការចំនួន៥៧.០០០ដុល្លារ បម្រុងរត់ទៅអូស្រ្តាលីវិញ ប៉ុន្តែដោយសារប្តីដឹងទាន់ ហើយក៏ចាប់នាងប្រពន្ធ យកទៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ដើម្បីដោះស្រាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
នៅក្នុងដំណាក់កាល សាកសួរនៅនៅសាលាសង្កាត់កាកាប១ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានដោះស្រាយរឿងរ៉ាវរៀបការជាប្តីប្រពន្ធ មិនបានផ្សំដំណេក ត្រូវបានធ្វើការសម្របសម្រួលគ្នា រវាងភាគីទាំងពីរ ភាគីខាងប្រុស ទាមទារសំណងបណ្តាការវិញ ២៨.០០០ដុល្លារ លុយដល់ដៃដើម្បីបញ្ចប់រឿង។
បុរសម្នាក់ដែលចាញ់បោកស្រ្តីជាប្រពន្ធអាណិកជនខ្មែរអូស្រ្តាលី ទើបតែរៀបការហើយថ្មីៗ មានបំណងចង់រត់គេចខ្លួន ដោយនាំយកលុយបណ្ដាការចំនួន៥៧.០០០ដុល្លារទៅអូស្រ្តាលីវិញ បានចាប់ខ្លួនស្រ្តីរូបនោះ ប្រគល់ឲ្យអាជ្ញាធរសង្កាត់កាកាប១ នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងមុខសណ្ឋាគារ តារាអ៊ែរផត ជាប់នឹងផ្សារទំនើបរតនផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសជាប្ដី ឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ រស់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីជាប្រពន្ធមានឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរសញ្ជាតិអូស្ត្រាលី រស់នៅប្រទេសអូស្ត្រាលី។
តាមការរៀបរាប់របស់បុរសជាប្ដី បានឲ្យដឹងថា គាត់ និងប្រពន្ធ បានស្គាល់គ្នារយៈពេលបីខែរួចមកហើយ។ រហូតមកដល់ខែវិច្ឆិកា ២០១៨ ប្រពន្ធរបស់គាត់ ក៏មកលេងស្រុកខ្មែរ ហើយពួកគេទាំងពីរនាក់ មានទំនាក់ទំនងស្នេហា ក៏បានភ្ជាប់ពាក្យជាមួយគ្នា ដោយមានចាស់ទុំឪពុកម្ដាយទាំងសងខាងដឹងឮ។ ដោយពេលនោះ ប្រពន្ធរបស់គាត់ទាមទារថ្លៃបណ្ដាការចំនួន ៥៧.០០០ដុល្លារ ហើយព្រមព្រៀងដាក់លុយនោះ ចូលទៅក្នុងកុងធនាគាររួមគ្នា ដោយដាក់ឈ្មោះទាំងពីរនាក់ ដើម្បីទុករកស៊ី និងរត់ការ នាំគាត់ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីរៀបការរួចនឹងចុះអ៊ីតាស៊ីវិលត្រឹមត្រូវ។
បុរសជាប្ដីបានបន្តទៀតថា រហូតមកដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ ប្រពន្ធ របស់គាត់ក៏វិលត្រឡប់មកស្រុកខ្មែរវិញ ដើម្បីត្រៀមចូលរោងការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩។ ពេលនាងមកដល់ គាត់ក៏បានទៅទទួលនាង នៅឯអាកាសយានដ្ឋានភ្នំពេញអន្តរជាតិភ្នំពេញ ដើម្បីនាំនាងមកស្នាក់នៅផ្ទះរបស់ខ្លួន។ តែប្រពន្ធរបស់គាត់ មិនព្រមមកស្នាក់នៅផ្ទះរបស់គាត់នោះទេ ដោយនាងនិយាយថា ចាំពេលរៀបការរួច ទើបមកស្នាក់នៅផ្ទះជាមួយគាត់។
បុរសអភ័ព្វស្នេហ៍រូបនោះ បាននិយាយទៀតថា បន្ទាប់ពីរៀបការរួចហើយ អ្វីដែលនឹកមិនស្មានដល់ កូនស្រីរួមជាមួយក្រុមគ្រួសារ វេចបង្វេចទៅស្រុកអូស្រ្តាលីវិញ ។ ភាគីខាងស្រី បានមកស្នាក់នៅសណ្ឋាគារតារាអ៊ែរផត ចំណាយទាំងស្នាក់នៅនិងហូបចុក គាគីក្រុមគ្រួសារខាងប្រុសជាអ្នកចេញឲ្យទាំងអស់ តាំងពីមិនទាន់រៀបការ រហូតដល់ថ្ងៃរៀបការហើយ។ ទោះជាភាគីខាងប្រុស សុំអញ្ជើញភាគីកូនស្រី និងក្រុមគ្រួសារ ទៅដេកស្នាក់នៅផ្ទះខាងកូនប្រុស ក៏មិនព្រមដែរ រហូតដល់ថ្ងៃចូលរោងការ រួចរាល់ថ្ងៃកូនស្រីនៅតែមិនព្រមចូលខ្លួនរួមដំណេកជាមួយស្វាមីដែរ ក្នុងហេតុផលមិនស្រួលខ្លួន សុំនៅដេកម្នាក់ឯង នៅសណ្ឋាគារបន្តទៀត។ ប្តី ខំតែជឿទុកចិត្ត ប្រពន្ធ បានអនុញាតឲ្យស្នាក់នៅ៣ថ្ងៃ ដល់គ្រប់កំណត់ហើយ នៅតែមិនព្រមចេញមកផ្ទះខាងប្តីទៀត។ លុះសាកសួរបន្តប្រាប់ថា មិនទាន់ស្រួលខ្លួនដដែល រហូតអូសបន្លាយពេល៥ថ្ងៃទៅហើយ ទៅសាកសួរទៀត នាងប្រពន្ធចេះតែនិយាយដោះសារថាមិនស្រួលខ្លួនមិនយល់ព្រមរួមដំណេក ហើយលុយបណ្តាការ ដាក់តម្កល់ក្នុងធនាគារ ក៏ត្រូវបានកូនស្រីលួចដកយក ស៊ីចាយអស់ទៀត ហើយនាង បានទៅស្នាក់នៅសណ្ឋាគារនាងហាក់ដូចជា ធ្វើព្រងើយកន្តើយចំពោះប្តី មិនរវីរវល់ដូចមុនឡើយ។
លោកបាននិយាយថា បន្ទាប់ពីសាកសួរ នាងបានឆ្លើយសារភាពថា លុយបណ្តាការចំនួន៥៧.០០០ដុល្លារ ដកយកអស់ហើយ។ ពេលលោកសួរនាំ ទើបនាងនិយាយថា លុយនោះម្ដាយរបស់នាង បានដកយកទៅចាត់ចែង សងគេអស់ហើយ។
រហូតមកដល់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ ទើបគាត់ទទួលដំណឹងថា ប្រពន្ធរបស់គាត់មានបំណង់ ចង់ត្រឡប់ទៅអូស្ត្រាលីវិញស្ងាត់ៗ ដោយមិនឲ្យគាត់ដឹង ទើបគាត់សម្រេចចិត្ត ទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់កាកាប១ ឲ្យអាជ្ញាធរអន្តរាគមន៍ និងចាប់ខ្លួននាងប្រពន្ធនិងក្រុមគ្រួសារ មកសាកសួរ ដោយបញ្ចប់រឿងភាគីទាំងពីរបានព្រមព្រៀងគ្នា ខាងស្រី បានប្រគល់លុយប្រមាណ ២៨.០០០ដុល្លារ ទៅឲ្យភាគីខាងប្តីវិញ៕