កូនទំនើងប្រើអំពោះហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និងគំរាមសម្លាប់ឪពុកម្តាយ ត្រូវចាប់ខ្លួន
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា
បុត្រាអកត្ដញ្ញូប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និងគំរាមសម្លាប់មាតាបិតាដូចរឿងព្រេងនិទាន ត្រូវជាប់ខ្នោះរបស់នគរបាលសំរោងទង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការយុវជនឈាមខាប់ម្នាក់ឈ្មោះងួន គង្គា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ កាលពីថ្ងៃអង្គារ៍ទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៧:២៥នាទី។
កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានឃាត់ខ្លួនយុវជនម្នាក់ តាមបណ្ដឹងរបស់ឈ្មោះប្រាក់ ឃឿន អាយុ ៦៦ឆ្នាំ ត្រូវជាឳពុកបង្កើតឈ្មោះ ងួន គង្គា ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារនេះដែរ ត្រូវបានលោកឪពុកធ្វើការរៀបរាប់ ថា មុនដំបូងកូនគាត់សុំលុយ តែគាត់ថាមិនមានទេ ពេលនោះ កូនបានទាញយកកាំបិតបុ័ងតោ និងដំបងឫស្សី មកវាយកាប់បំផ្លិ្លចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះតែម្ដង បណ្ដាលឲ្យខូចខាតអស់មួយចំនួន នឹងថែមទាំងប្រើពាក្យសម្ដីគំរាមសម្លាប់ទៅ លើគាត់ជាឳពុកម្ដាយទៀតផង ក្រោយពេលកើតហេតុឈ្មោះប្រាក់ ឃឿន ដោយទ្រាំទ្រនិងសកម្មភាពលោកកូន មិនបានក៏សម្រេចដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចឲ្យចាត់ការតាមនីតិវិធី។
ក្រោយពេលទទួលណ្ដឹង សមត្ថកិច្ចនគរបាលបាន ចុះទៅឃាត់ខ្លួនយុវជនឈាមខាប់ រួមជាមួយវត្ថុតាងមួយចំនួន (កាំបិត+ដំបងឫស្សី) រួចបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕