ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សភា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានជោគជ័យ

62


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោក ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធី អបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) យ៉ាងអធិកអធម។ សម្តេចបានគូសបញ្ជាក់ថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យកម្ពុជាបានស្គាល់សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែក យ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមាន ការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺរដ្ឋាភិបាល និងប្រជាជនវៀតណាម។

លោកប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ។ លោកក៏បានអបអរសាទរផងដែរ ចំពោះលទ្ធផលបោះឆ្នោតជ្រើសតំាង សមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លងទៅ។

លោក ត្រឹង កឹមទូ បានសម្តែងសុទិដ្ឋិនិយមថា ក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង