ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះវិហារ ទោះបីជាខេត្តដាច់ស្រយាល តែមានសមិទ្ធផល ស្អេកស្កះក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ

148

ព្រះវិហារ ៖ ខេត្តព្រះវិហារ គឺជាខេត្តមួយដែលបានរំដោះ ពីរបបប៉ុលពតនៅថ្ងៃទី ១៦ មករាឆ្នាំ១៩៧៩  ពោលគឺជាខេត្តដែលបានជាខេត្តមួយរំដោះក្រោយគេ       ។ ខេត្តមួយនេះទោះបីជាខេត្តដាច់ស្រយាល តែ

មានសមិទ្ធផលច្រើន ស្អេកស្កះក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ។

   នេះបើតាមប្រសាសន៍របស់លោក ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុម ការងារ ថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីមហាមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៩) នៅពហុកីឡាដ្ឋានខេត្តព្រះវិហារ ដោយមានវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រះ វិហារ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងមានមហាជនចូលរួមប្រមាណ ៣ពាន់នាក់ ហើយពិធីនោះមានការដង្ហែក្បួនដោយ រថយន្តយ៉ាងច្រើនដែលលម្អដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបដាពាក្យស្លោកយ៉ាងច្រើនផងដែរ។

    លោក ទេសរដ្ឋមន្រ្តី មាស សុភា បានមានប្រសាសន៍លើកឡើងទៀតថា ការប្រារព្វពិធីនេះឡើងគឺក្នុងគោលបំណង រំលឹកពីការដឹងគុណ ចំពោះថ្នាក់ដឹកនាំ អ្នកស្នេហាជាតិ ដែលបានបូជា សាច់ស្រល់ឈាមស្រស់ ក្នុងការប្រទេសជាតិចេញពីរបបប៉ុលពត។ ធ្វើឡើង ដើម្បីវាយតំលៃ សមិទ្ធផលនានាដែលបានកើតមានឡើងស្អេកស្កះក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។ជាងនេះទៅទៀតការប្រារព្វពិធីនេះ ក៏ធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ មេរៀន ដើម្បីអោយកូនចៅជំនន់ក្រោយបានយល់ដឹង។

   លោកបន្តថា ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើការកសាង និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធឡើងវិញតាំងពីបាតដៃទទេ រហូតមកដល់ពេលបច្ចុប្បន្ន។ ជាក់ស្តែងសម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តដាច់ស្រយ៉ាល ក៏បានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យផងដែរ។ ត្រូវចាំថ្ងៃ៧មករា រហូត ដោយថ្ងៃនេះជាមិត្ត យើងមានសត្រូវតែមួយគត់ នោះគឺរបបប៉ុល ពត ដូច្នេះទេ យើង

 ត្រូវនិយាយអោយក្មេងបានយល់ពីក្មេងជំនន់ក្រោយបានយល់ពីអត្តន័យនិងគុណ៧មករាអោយបានច្បាស់លាស់ ។ 

   លោកបញ្ជាក់ផងដែរថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោទាំងផ្នែកនយោបាយ ទាំងសេដ្ឋកិច្ច។ ក៏ប៉ុន្តែឥឡូវនេះ កម្ពុជាក្លាយទៅជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ បូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម នៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ និងពិភពលោក ព្រមទាំងបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើភាព ស្មើសិទ្ធិ រាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិ ។

    ការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករានេះឡើង គឺដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួន ចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។

   កាលពី៤០ ឆ្នាំមុន ទឹកដីកម្ពុជាត្រូវបាន ពួកប៉ុល ពត ឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផល សិទ្ធិសេរីភាព និងជីវិតប្រជាជនកម្ពុជា ដ៏ឃោរឃៅយង់ឃ្នងបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោគជាំដោយឈាម និងទឹកភ្នែក ហើយប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុត។   ប៉ុន្តែក្រោយមករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត រួមនិងកម្លាំងសាមគ្គីពីប្រជាជនកម្ពុជា ទាំងមូលបានធ្វើការប្រឆាំងតស៊ូពីរបបប្រល័យពូជសាសន៍ ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភគាំទ្រដ៏ស្មោះសរទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រ ចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព យុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះ ដ៏ត្រចះត្រចង់ជាប្រវត្តិ សាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

  លោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រះ វិហារ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលមានសត្រូវតែមួយគត់ នោះគឺរបបប៉ុល ពតនេះឯង ពោលគឺយើងប្រឆាំងដាច់ខាតចំពោះរបបដ៏ខ្មៅងងឹតនេះ បើទោះបីជនអគតិមួយចំនួនបានលើកឡើងនិងនិយាយបំភ្លឺសខុសពីការពិតពីរបបដ៏ឃោឃៅនេះយ៉ាងណាក្តី។ យើងត្រូវរួមគ្នាពង្រឹងដាច់ខាត មិនអោយគ្រោះមហន្តរាយដោយសង្គ្រាមនេះកើតមាននៅកម្ពុជាទៀតទេ។ ប្រឆាំងដាច់ ចំពោះអង្គការ សង្គមស៊ីវិលមួយចំនួនដែលយកលេស សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បំរើអោយមហិច្ចតាបរទេស នាំអោយប្រទេសជាតិធ្លាក់ទៅក្នុងសង្គ្រាម។

     គួរបញ្ជាក់ថា ក្បួន​រថយន្តដង្ហែរ របស់ខេត្តព្រះវិហារ អបអរសាទរខួបទី ៤០ទិវាជ័យជម្នះ៧មករា​ ជ័យជម្នះ៧មករា​១៩៧៩-២០១៩ បែងចែកជាបីផ្នែក​​​ ក្បាល ដងខ្លួន និងកន្ទុយនាគ ដែលបានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅ ពាក់ព័ន្ធនឹងថ្ងៃរំដោះ៧មករា និងការរីកចំរើនរបស់ប្រទេសជាតិក្នុងរយៈពេល៤០ឆ្នាំមកនេះ។

  ខាងក្រោមនេះជាសេចក្តីអត្ថាធិបាយ ក្បួន​រថយន្តដង្ហែរ របស់ខេត្តព្រះវិហារ  អបអរសាទរខួបទី ៤០ទិវាជ័យជម្នះ៧មករា​១៩៧៩-២០១៩​ ដែលមានអត្ថន័យដូចតទៅ៖ 

  ១/​ នាគក្បាលប្រាំពីរក្នុងរចនាបទប្រាសាទព្រះវិហារ កំពុងបេីកពពារដ៏មានរិទ្ធអំណាចដឹកនាំក្បួនរថយន្តខេត្តព្រះវិហារភ្ជាប់ជាមួយផែននៃក្បូរក្បាច់រចនាយ៉ាងល្អប្រណិតរំលេចរូបថតសម្តេចទាំង២​ ដែលជាវិរៈជនឆ្នេីមក្នុងការរំដោះជាតិទឹកដី និងនាំមកនៅសុខសនិ្តភាព​​ ហែរហមអមមកជាមួួយជេីងពានមាសទម្រស្លាកសញ្ញាខួបទី៤០នៃថ្ងៃជ័យជម្នះ៧មករា​ ដែលមានរយៈពេល៤ទសវត្សប្រកបដោយជាញជ័យ​កន្លងទៅក្នុងដំណេីរ ឆ្ពោះទៅមុខក្នុងអត្ថន័យខ្ពង់ខ្ពស់បំផុត​។​ នាគជានិមិត្តរូបនៃភាពត្រជុំត្រជាក់ ភាពរឹងមាំអមតៈនៃការការពារ​ និងថែរក្សាប្រកបសុខសន្តិភាព ដោយតេជៈមហិទ្ធិឫទ្ធ និងជាតំណាងអោយភាពគង់វង់យូអង្វែងនៃការដឹកនាំប្រកបដោយភាពអង់អាចក្លាហាន​ ។

២/​ ផ្នែកទី២ ដងខ្លួននាគជាទម្ររយ៉ាងរឹងមាំកំពុងទ្រទ្រង់ភ្នំ២បន្តបន្ទាប់គ្នាគឺភ្នំត្បែង​មានជ័យ និងភ្នំដងរែក​​ ដែលកាន់តែអស្ចារ្យទៅទៀតនោះគឺនៅលេីកំពូលភ្នំទាំង២មានអច្ឆរិយ្យស្ថាបត្យកម្មដ៏ល្បីល្បាញគឺប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក​​ដែលបានចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយ unesco និងភ្ជាប់ដោយមហាកំផែងដ៏អស្ចារ្យនៃរាជធានីចាស់កោះកែរ ដែលនៅលើកំពូលនៃប្រាសាទមានព្រាបសកំពុងហោះត្រដាងស្លាបក្នុងអត្ថន័យសិរីភាព សុខសន្តិភាព បរិបូរណ៍នៃប្រទេសកម្ពុជា​​ បង្កេីតអោយមានក្តីសុខសប្បាយក្រោមការចូលរួមយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ កម្មករ​​​ កសិករ​ បញ្ញាវ័ន្ត ជនជាតិដេីម​ភាគតិច​​​ យុវជន យុវនារី ព្រះសង្ឃ ដែលសមាសភាពទាំងអស់នេះជាកំលាំងស្នូលយ៉ាងសំខាន់នាំអោយមានអ្វីៗគ្រប់យ៉ាងក្រោយពីជ័យជម្នះ៧មករា ដែលតំណាង​ដោយនារីចំនួន៧នាក់មានសម្លៀកបំពាក់ ៧ពណ៌តំណាងអោយសិរីសួស្តីទាំង៧ថ្ងៃ​​។​ នៅជុំវិញខ្លួននាគនាំរថយន្តក៏មានការតំបង្ហាញរូបថតចំនួន១៤ផ្ទាំងដែលបង្ហាញពីវិវឌ្ឍនៈភាពរីកចម្រើនលេីគ្រប់វិស័យក្នុងទឹកដីខេត្តព្រះវិហារ​​ក្នុងរយៈពេល ៤០ឆ្នាំដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា  និងបង្ហាញអក្សរថា​ ខេត្តព្រះវិហារអបអរសាទរខួបលេីកទី៤០ទិវាជ័យជម្នះ៧មករា​ ១៩៧៩​-២០១៩ 

៣/​ ផ្នែកកន្ទុយនាគ ដែលមានដាក់បញ្ឍរឡេីងដោយ​ ទង់ជាតិ​ ទង់សាសនា​​​ ទង់ព្រះមហាក្សត្រ​​ ក្នុងអត្ថន័យព្រះរាជាណាចក្រកម្ពុជាប្រកបដោយឯករាជ សន្តិភាព​​​​ សេរីភាព ប្រជាធិបតេយ្យ​​ អព្យាក្រឹត​​​​ និងវឌ្ឍនភាពសង្គម៕

 

អត្ថបទដែលជាប់ទាក់ទង