ការសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារ ដោយរៀបចំជាសួន ពុះទ្រូងផ្លូវ រូមទាំងការដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លឺសម្រេចបាន១០០ភាគរយហើយ
ខេត្តព្រះវិហារ៖ នាពេលបច្ចុប្បន្ននេះ ខេត្តព្រះវិហារ មិនមែនជាខេត្តនៅតំបន់ដាច់ស្រយាលដូចមុនទៀតនោះទេ ដោយសារតែខេត្តមួយនេះ បានបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ពិសេសគឺផ្លូវតភ្ជាប់ ទៅកាន់ខេត្តមួយនេះមានលក្ខណៈល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរ។
ជាងនេះទៀត នៅក្នុងទីរួមខេត្តព្រះវិហារវិញក៏បានរៀបចំអោយមានសោភណ្ឌភាពគួរជាទីទាក់ទាញផងដែរ ដូចជាការស្ថាបនាអោយមាន ជាសួនច្បារ រង្វង់មូល និងសួនកុមារដែលបំពាក់ដោយឧបករណ៍សម្រាប់អោយកូនក្មេងលេងជាដើម។ ប៉ុន្តែ ប៉ុណ្ណេះ នៅមិនគ្រប់គ្រាន់ទេ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធាន តាមការចង្អុលណែនាំពីលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ បានសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារមួយខ្សែថែមទៀត ដោយរៀបចំអោយទៅជាសួនពុះទ្រូងផ្លូវ រូមទាំងការដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវនៅលើសួនកណ្តាលទ្រូងនេះថែមទៀត ហើយការដ្ឋានមួយនេះ គិតមកដល់ពេលនេះបានសម្រេច១០០ភាគរយហើយ ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ការដ្ឋាន សាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារនេះ មានប្រវែង
២១៧០ម៉ែត្រ ទទឺងសួនពុះចែកទ្រូងផ្លូវនេះមានទំហំ១ម៉ែត្រ៤តឹក មានដាំដើមឈើ ដាំស្មៅ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវLED និងមានផ្លូវសងខាង១៨ម៉ែត្រ រួមទាំងដាក់ខឿនសងខាង នៃចិញ្ចើមផ្លូវផងដែរ ហើយការដ្ឋានមួយនេះ គិតមកដល់ពេលនេះបានសម្រេច១០០ភាគរយហើយ ៕