ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងពិតប្រាកដ ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរបរទេស និងអ្នកវិនិយោគបរទេស

96

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់អ្នកព័ត៌មានកម្ពុជារួមគ្នាផ្សាព្វផ្សាយព័ត៌មានពិត ព័ត៌មានវិជ្ជមានរបស់កម្ពុជា ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនៅលើ Facebook នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះមួយថ្ងៃមុនជួបអ្នកព័ត៌មាន ជិត៥០០០នាក់នៅល្ងាចថ្ងៃទី១១ មករា។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ការរីកចម្រើរបស់កម្ពុជាក្រោយបិទបញ្ចប់ភ្លើងសង្គ្រាម មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកព័ត៌មានបាននោះឡើយ។

“យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស”។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនលឿនទៅមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មានកម្ពុជាជាលើកទី៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ជំនួបរវាងសម្តេចតេជោ និងអ្នកព័ត៌មាននៅឆ្នាំនេះ មានអ្នក​ព័ត៌មាន ៤,៦​​០០នាក់ហើយ បានចុះបញ្ជីសុំកាតចូលរួម។ ចំនួននេះអាចមានការកើនឡើង ព្រោះនៅមានអ្នកព័ត៌មានមួយចំនួនទៀត កំពុងធ្វើការស្នើសុំជាបន្ដបន្ទាប់ ប៉ុន្ដែចំនួនដែលក្រសួងកំណត់នោះ គឺក្នុងរង្វង់ត្រឹម ៥,០០០នាក់​ ដោយហេតុថាទីតាំងប្រារព្ធពិធីអាចដាក់អ្នកចូលរួមបានត្រឹម ៥,០០០នាក់ប៉ុណ្ណោះ។

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានឲ្យដឹងផងដែរថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើសំណើមួយដាក់ទៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដើម្បីសុំឲ្យអ្នកព័ត៌មាន បានបញ្ចេញមតិយោបល់ក្នុងជំនួបជាមួយសម្ដេចតេជោផងដែរ។ ប៉ុន្តែសំណើរបស់លោករដ្ឋមន្ដ្រី រហូតមកដល់ពេលនេះមិនទាន់ទទួលបានការឆ្លើយតបពីខាងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នៅឡើយ​។

លោក ផុស សុវណ្ណ បានអះអាងថា បើមានការអនុញ្ញាតពីសម្តេចតេជោ នឹងរៀបចំតំណាងអ្នកព័ត៌មាន ២ ឬ៣នាក់ឲ្យឡើងសម្តែងមតិយោបល់។

ក្នុងនាមក្រសួងព័ត៌មានដែលជាអាណាព្យាបាលលើស្ថាប័នព័ត៌មាននៅកម្ពុជា លោក ផុស សុវណ្ណ បានមើលឃើញថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកព័ត៌មាន ជាការបើកចំហរនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

ក្រោមមានជំនួបរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកព័ត៌មាន លោក ផុស សុវណ្ណ បានមើលឃើញថា វិស័យព័ត៌មានកាន់តែរីកចម្រើន និងប្រសើរឡើង ដោយសារតែអ្នកព័ត៌មានទទួលបានការណែនាំ និងកែលម្អមួយចំនួនពីប្រមុខដឹកនាំកំពូលរបស់ប្រទេសផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង