ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ពីបទលួច ទៅតុលាការ

131


(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ដែលចាប់ខ្លួនក្នុងករណីលួចយកទូរស័ព្ទ អាចត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ចោទពីបទ លួច ហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី កាលពីថ្ងៃទី១០ខែមករានេះ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចចំណតរថយន្តចាស់ ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងពាក្យបណ្តឹងពីឈ្មោះ យិត គឹមហួរ ភេទ ប្រុស អាយុ ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ បាញ់ ហួរ(ហៅ យួន) ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ តាប់ រី (ហៅ កុយ) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានបន្ថែមថា ៖ នៅថ្ងៃកើតហេតុ ខ្លួនកំពុងអង្គុយលេងលើគ្រែមុខផ្ទះ ហើយបានដើរចូលទៅក្នុងផ្ទះ ដោយភ្លេចទូរស័ព្ទដៃនៅលើគ្រែ ពេលនឹកឃើញភ្លេចទូរស័ព្ទក៏ត្រឡប់មកយកវិញ ស្រាប់តែឃើញក្មេងចំនួន ០៣នាក់ បានឆក់យកទូរស័ព្ទពីលើគ្រែហើយរត់គេចចេញបាត់ទៅ ពេលនោះខ្លួនបានស្រែកឆោរឡោរឲ្យអ្នកជិតខាងជួយ ក៏ឃាត់ក្មេងបានចំនួន ០១នាក់ និងបាននាំយកទៅប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យខាងលើបានសារភាពថា ៖ ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន រួមជាមួយបក្សពួករបស់ខ្លួន ចំនួន ០២នាក់ទៀត ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តល្មើស រហូតឃាត់ខ្លួនជនសង្ស័យ បាន ០១នាក់បន្ថែមទៀត ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលអាចកំណត់ពីពិរុទ្ធបានយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង