អ្នកសារព័ត៌មាន អំពាវនាវជាថ្មី ដល់តុលាការ ទម្លាក់ការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់
ភ្នំពេញ៖ អ្នកសារព័ត៌មាន ចំនួន៣៨រូប មកពីស្ថាប័នផ្សេងគ្នា បានរួមគ្នាចេញលិខិតចំហមួយច្បាប់ ដោយបានអំពាវនាវជាថ្មី
ដល់តុលាការ គ្រប់លំដាប់ថ្នាក់ ឲ្យបញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោម ការតាមដានរបស់តុលាការ លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន។ ការអំពាវនាវនេះ ធ្វើឡើងមុនមួយថ្ងៃ ដែលអ្នកសារព័ត៌មានទូទាំងប្រទេសនឹងត្រូវជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃស្អែកទី១១មករា នៅកោះពេជ្រ។
យោងតាមផេកហ្វេសប៊ុកឈ្មោះ ដោះលែងអ្នកកាសែត នៅថ្ងៃទី១០ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា “យើងខ្ញុំជាអ្នសារព័ត៌មាន ដែល
កំពុងបំពេញការងារនៅកម្ពុជា សូមអំពាវនាវជាថ្មី ដល់តុលាការគ្រប់លំដាប់ថ្នាក់ បញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោមការតាមដាន
របស់តុលាការលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ព្រមទាំងទម្លាក់ចោលទាំងស្រុង
នូវការចោទប្រកាន់លើពួកគេ”។
ជាមួយគ្នានោះដែរ អ្នកកាសែតម្នាក់គឺកញ្ញា កាន់ វិច្ឆិកា ដែលកំពុងបម្រើការងារឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នៅថ្ងៃទីនេះបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “អ្នកសារព័ត៌មាន គ្រាន់តែរាយការណ៍ព័ត៌មាន ឲ្យអ្នកបានដឹងប៉ុណ្ណោះ បើអ្នកចង់ដឹងឬមិនចង់ដឹង គឺជារឿងរបស់អ្នក តែការចោទប្រកាន់ ឬការធ្វើទុក្ខបុកម្នេញ លើអ្នកសារព័ត៌មាន មិនមែនជាការឆ្លើយតបល្អប្រសើរទេ។ល្មមដល់ពេលទម្លាក់ បទចោទ លើពួកគាត់ហើយ សម្តេចក៏កំពុងបើក ឲ្យអាស៊ីសេរី មានការិយាល័យវិញដែរ អញ្ចឹងគ្មានហេតុផលអីដែលត្រូវបន្តចោទប្រកាន់ពួកគាត់ទេ”។
ចំណែកលោក ជា ធីរិទ្ធជាអ្នកសារព័ត៌មានប្រចាំទូរទស្សន៍ Nice TV ក៏បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងថ្ងៃនេះដែរថា”ពួកគាត់ចេញពីគុកមែន តែពិបាករកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត និង គ្រួសារ ព្រោះស្ថិតនៅក្រោមការតាមដានរបស់តុលាការ។សង្ឃឹមថា បងទាំងពីរ ដែលជាអតីតអ្នកកាសែត នឹងទទួលបានសេរីភាព ពេញលេញនៅពេលខាងមុខ”។
សូមបញ្ជាក់ថា បើយោងតាមអង្គការអាដហុក (ADHOC-Cambodia) បានផ្សាយថា នៅវេលាម៉ោង៧យប់ ថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ លោក យាង សុធារិន និងលោក អ៊ួន ឈិន អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ។ អ្នកទាំង២ត្រូវបានលោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ ចេញដីកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំ។ បន្ទាប់ពីអ្នកទាំងពីរត្រូវបានចាប់ និងឃុំខ្លួនអស់រយៈពេល ៩ខែ ៧ថ្ងៃដោយចោទពីបទប្រគល់ឲ្យរដ្ឋបរទេស នៅព័ត៌មានជាអាទិ៍ ដែលអាចនាំឲ្យអន្តរាយដល់ការការពារជាតិ៕