ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ឺន មេឃាសាកកណ្ដាប់ដៃជាមួយអ៊ីរ៉ង់ ឯ រឿង សារ័ត្នជួបឡាវ

98

ភ្នំពេញ:លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១២មករា អ្នកប្រដាល់កម្ពុជាម៉ឺន មេឃាសមាគមប្រដាល់ក្រសួងការពារជាតិ ដែលជាកូនប្រុសរបស់អេភូថងត្រូវតស៊ូ ជាមួយអ្នកប្រដាល់អ៊ីរ៉ង់រ៉េហ្សា ឌីវស៊ូរ៉ាទី
(Reza Divsourati) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។មេឃាមិនសូវមានឱកាសប្រកួតជា
មួយអ្នកប្រដាល់បរទេសច្រើនទេ តែការប្រកួតរបស់ជាមួយបរទេសភាគច្រើន បានទទួលជ័យជំនះ ។មេឃាមានស្នៀតកណ្ដាប់ដៃល្អធ្ងន់ រហ័សតែគេហាក់ដូចជាឆាប់ហត់ និង មិនសូវពូកែជង្គង់ណាស់ណាទេ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២៦ដង និងចាញ់៤ដង ។

​ចំពោះអ្នកប្រដាល់អ៊ីរ៉ង់រ៉េហ្សា ឌីវស៊ូរ៉ាទីវិញគេទើបតែឆ្លងដែនមកប្រកួត នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។
អ្នកប្រដាល់រូបនេះហ្វឹកហាត់នៅក្លិបមួយ ក្នុងស្រុកថៃហើយមិនមាននរណាដឹងថា គេស្ខោយឬខ្លាំងនោះដែរ តែកន្លងមកអ្នកប្រដាល់អ៊ីរ៉ង់ដែលមក ប្រកួតនៅស្រុកខ្មែរច្រើនតែគ្រាន់បើ ។
​អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៧ដង ឈ្នះ ១៤ដង និងចាញ់៣ដង ។ជំនួបមួយនេះមិនដឹងថាម៉ឺនមេឃាឈ្នះ ឬ អ្នកប្រដាល់អ៊ីរ៉ង់ឈ្នះនោះឡើយ ។

​រឿង សារ័ត្នក្លិបទ័ពឆ័តរយោង៩១១ដែលបាត់មុខ ពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈនោះបានបង្ហាញខ្លួនឡើង
វិញដើម្បីប្រកួតជាមួយអ្នកប្រដាល់ឡាវថាវ ថាំងឌី(Thav Thangdy)គេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
មុនបាត់មុខសារ័ត្នជួបបរាជ័យលើសង្វៀនផ្ទួនៗ ពេកទើបអ្នកផ្គូរផ្គងរារែកចិត្តក្នុងការបញ្ជូលឈ្មោះរបស់គេ
ទៅក្នុងបញ្ជីចាប់គូនោះ ។តាមពិតអ្នកប្រដាល់រូបនេះវ៉ៃល្អតែពេលជួប ជាមួយអ្នកប្រដាល់បរទេសគេហាក់ដូចជាវ៉ៃខ្លាចគូប្រកួតទៅវិញ ។

​សារ័ត្នមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៨ដង និងស្មើ៤ដង ។ចំពោះអ្នកប្រដាល់ឡាវថាវថាំងឌីវិញនេះ ជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។កំណត់ត្រាប្រកួតរបស់គេល្អព្រោះក្នុងប្រវត្តិប្រកួត៥៤ដង គេឈ្នះ៥០ដង និងចាញ់៤ដងប៉ុណ្ណោះ ។ជំនួបនេះនរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង