ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រជាពលរដ្ឋ ត្រូវឈប់​ប្រើប្រាស់​ Wifi សាធារណៈ ដែលមានប្រភពមិនច្បាស់លាស់ ព្រោះគេអាចលួចយកព័ត៌មានផ្ទាល់ខ្លួន

89


ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​នៃ​ក្រសួង​មហា​ផ្ទៃ​ ​​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ត្រូវឈប់​ប្រើប្រាស់​ចំពោះ Wifi សាធារណៈទាំងឡាយណា ដែលមានប្រភពមិនច្បាស់លាស់ ព្រោះអាចប្រឈមនឹងការលួចយក ព័ត៌មាន របស់អ្នកប្រើប្រាស់។

បើតាមរយៈផេកហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃ​ទី​១០ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ​​ បានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែ ប្រើប្រាស់វ៉ាយហ្វាយសាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលា នៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន ដោយមិនបានចាប់អារម្មណ៍ថា រាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)។ ដូច្នេះដើម្បីប្រើប្រាស់វ៉ាយហ្វាយសាធារណៈ ប្រកបដោយសុវត្ថិភាព លោកអ្នកគួរតែ៖ បញ្ជាក់ឲ្យប្រាកដថា វ៉ាយហ្វាយ ដែលបានភ្ជាប់ គឺជាវ៉ាយហ្វាយ ដែលមានប្រភពច្បាស់លាស់។ ចៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម។ បិទប្រព័ន្ធវ៉ាយហ្វាយ ពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់។ បិទ Network Sharing នៅលើកុំព្យូទ័រ ដើម្បីចៀសវាងកុំព្យូទ័រដទៃទៀត ភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាមានកិត្តិយស សូមជម្រាបជូនដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា៖ ប្រសិនបើលោកអ្នក ជួបប្រទះបញ្ហាដូចជា ការលួច (hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L សូមអរគុណ។

សូមជំរាបថា តួលេខ​ដែល​ចេញដោយ​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ កាល​ពីថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​ បានបញ្ជាក់ឲ្យដឹង​ថា ​គិត​ត្រឹម​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ស្ថិតិ​សេវា​អ៊ិនធើណិត​ចល័តមាន​ចំនួន​ ជិត​១៣​លាន​ស៊ីម​កាត ​(១២.៩៧៤.៣១៩​ស៊ីម​កាត)​។ ចំណែក​អ្នក​ប្រើប្រាស់សេវា​អ៊ិនធើណិត​អចល័ត ​មាន​ចំនួនជាង១០ម៉ឺននាក់ (១៤៧.៥៩៦​នាក់)៕

អត្ថបទដែលជាប់ទាក់ទង