ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោមឆត្រ UN រយៈពេលជាង២០ឆ្នាំ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ស្លាប់៩នាក់ របួស៩នាក់

111


ភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាព ចំនួន៥៧៨៥នាក់ហើយ បានបញ្ជូន ទៅបំពេញបេសកកម្មក្រៅប្រទេស តាមរយៈអង្គការសហប្រជាជាតិ ហើយពលីជីវិតចំនួន៧នាក់ និង២នាក់ទៀត ទទួលមរណភាព ក្រៅលក្ខខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងរងរបួសចំនួន៩នាក់។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ឆ្លើយតបចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលចោទសួរ អំពីការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ទៅបំពេញបេសកកម្មក្រៅប្រទេស តាមរយៈអង្គការសហប្រជាជាតិ។

លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិ បានធ្វើឡើងចាប់ពីឆ្នាំ២០០៦មក ប៉ុន្តែចាប់ពីពេលនោះ រហូតដល់ដំណាច់ ឆ្នាំ២០១៣ មិនមានកងកម្លាំងយើង រងគ្រោះធ្ងន់ធ្ងរនោះទេ ការរងគ្រោះធ្ងន់ចាប់ផ្តើមពីឆ្នាំ២០១៤ ដែលមានកម្លាំងស្លាប់ និងរបួស នៅប្រទេសអាហ្វ្រិកកណ្តាល និង ប្រទេសម៉ាលី។

លោកបានបន្ថែមថា គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានបំពេញបេសកកម្មនៅក្រៅប្រទេស បានពលីជីវិតចំនួន៧នាក់ និង២នាក់ទៀត ទទួលមរណភាពក្រៅលក្ខខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងរងរបួសចំនួន៩នាក់។ ក្នុងចំណោមកម្លាំងដែលបានបាត់បង់ជីវិតនេះ មាន៥នាក់នៅអាហ្វ្រិកកណ្តាល និង ៤នាក់នៅប្រទេសម៉ាលី ដែលក្នុងនោះ ២នាក់ស្លាប់ដោយជំងឺគ្រុនចាញ់ និង២នាក់ទៀតស្លាប់ ក្រៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ដោយឡែក កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលរងរបួសមានចំនួនសរុប៩នាក់ មាននៅអាហ្វ្រិកកណ្តាល១នាក់ និងនៅប្រទេសម៉ាលីចំនួន៨នាក់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាព ចំនួន៥៧៨៥នាក់ហើយ (មិនទាន់បូកបញ្ចូល ១៨៤នាក់ ដែលត្រៀមបញ្ជូនទៅលីបង់ចុងខែនេះ) បានទៅបំពេញបេសកកម្មក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសចំនួន០៨ប្រទេស ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាល ខណៈដែលមានកងកម្លាំងរក្សាសន្តិភាពចំនួន ៧៩៩នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៥ ក្នុងនោះក៏មានកងកម្លាំងនារី ចំនួន៦២នាក់ផងដែរ។

កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសង្គ្រាមរ៉ាំរ៉ៃ និងធ្លាប់ទទួលជំនួយ ដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រហូតក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងក្នុងបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីជួយសង្រ្គោះដល់ប្រទេសដែលរងគ្រោះដោយសារសង្រ្គាមនៅលើពិភពលោកវិញម្តង ហើយទោះបីជាជួបបញ្ហាខ្លះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនមានការរាថយ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស ក្រោមស្លាកអង្គកាសហប្រជាជាតិនោះឡើយ។

កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២៩ ខាងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងចំណោម១២៤ប្រទេសនៅលើពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ១៧ លើការបញ្ជូនកងកម្លាំងផ្នែកនារី ហើយបើនិយាយអំពីតំបន់នៅអាស៊ានវិញ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅក្រៅប្រទេសនេះ និងលេខ២ សម្រាប់ការបញ្ជូនកងកម្លាំងជានារី។

លោកនាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន ​ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បញ្ជូន​កង​កម្លាំង ​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គ​ការ​សហប្រជា​ជាតិ ​បាន​ថ្លែង​ថា​៖ អំឡុង​ពេល​២៦​ឆ្នាំ​មុន ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជា ​ប៉ុន្តែ​ចាប់​ពី​តាំង​ពី​ឆ្នាំ​២០០៦​មក​ដល់​បច្ចុប្បន្ន​ មាន​រយៈ​ពេល​១៣​ឆ្នាំ​ ដែល​កម្ពុជា ​បាន​ក្លាយ​ជា​ប្រទេស​មួយ ​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន ​ឲ្យ​ពាក់​មួក​ខៀវ ​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​រហូត​មក​ដល់​ពេល​នេះ ​មាន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​ បាន​ចេញ​បេសកកម្ម​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក។​

នៅសាលារក្សាសន្តិភាព ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីជូនដំណើរកងកម្លាំងវិស្វកម្មលេខ៦៩៣ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។លោកនាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន គូសបញ្ជាក់ថា ផ្តើមចេញពីមហាជ័យជម្នះ៧ មករា ១៩៧៩ មេដឹកនាំកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានកសាងប្រទេសជាតិពីបាតដៃទទេ នៃគំនរផេះផង់ដែលបន្សល់ទុកពីសង្គ្រាម រហូតក្លាយជាប្រទេសមានសន្តិភាពពេញបរិបូណ៍ តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជា នាចុងឆ្នាំ១៩៩៨ ហើយនាំមកនូវការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងដូចសព្វថ្ងៃ និងជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ និងជាដៃគូជាមួយប្រទេសនានាដោយស្មើភាពនិងស្មើសិទ្ធិ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិខ្ពស់ ដែលខ្មែរបានបញ្ចប់សង្គ្រាមដោយស្មាដៃខ្មែរខ្លួនឯង។ ដូច្នេះ ខ្មែរជាអ្នកក្តាប់ជោគវាសនារបស់ខ្មែរ ខ្មែរត្រូវយកបញ្ហាសុខដុមរមនានិងសន្តិភាពដាក់ក្នុងខួរក្បាល។ ហេតុនេះខ្មែរត្រូវចងចាំជានិច្ចថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរបុរសស្នេហាជាតិ ជាស្ថាបនិកសន្តិភាព ជាអ្នកធានាការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ បានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាន់តែផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់ប្រជាពលរដ្ឋខ្មែរឱ្យរស់នៅក្នុងសង្គម ដែលមានភាពសុខដុមរមនា និងទទួលបានពីមនុញ្ញផលនៃសន្តិភាព។ ដូច្នេះ ខ្មែរត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានរឹងមាំ ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ជោគជ័យយ៉ាងធំធេងរបស់ជាតិ និងប្រជាជនកម្ពុជា គឺជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំដូចសម្តេច តេជោ ហ៊ុន សែន ដែលបានជួយរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជនពីរបបខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនកម្ពុជា ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងមានកំណើនសេដ្ឋកិច្ចប្រមាណជាង៧ភាគរយ ក្នុងមួយឆ្នាំ។

លោកនាយ​ឧត្តមសេនីយ៍ ​ប៉ុល សារឿន បានមានប្រសាសន៍ថា “ដូចលើកមុនៗដែរ ខ្ញុំសូមផ្តាំផ្ញើនូវកិច្ចការមួយចំនួនជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងវិស្វកម្មលេខ៦៩៣ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាល ជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ ត្រូវគោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាទាំងឡាយ របស់អង្គការសហប្រជាជាតិ រក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងរបស់ប្រទេសជាតិ។ ត្រូវចាប់យកឱកាស ដើម្បីរៀនសូត្រដកពិសោធន៍បង្កើនចំណេះដឹង និងស្វែងយល់ពីរបៀបរបបធ្វើការ របស់ប្រព័ន្ធអង្គការសហប្រជាជាតិ។ ត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ចេះគោរព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ បន្តខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនង ជាមួយសហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង។ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាព ភូមិសាស្ត្រ នយោបាយសង្គម ការប្រឈមទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតឡើង ដោយការប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារ ពួនស្ទាក់ឬគ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយជំងឺឆ្លងនានា។ បន្តទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាល ជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ សីលធម៌ គុណធម៌ ស័ក្ដិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញប្រជាជន ធ្វើអ្វីដើម្បីប្រជាជន”៕

អត្ថបទដែលជាប់ទាក់ទង