ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យទន្លេឆ្នាំ២០១៩ ធ្វើ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩

180


កំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេលើកទី៥ នឹងរៀបចំនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍។

ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរួមគ្នាបើក កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ខិតខំបន្តរៀបចំរបៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ ពិសេសក្នុងទីក្រុង និងតាមដងទន្លេឱ្យបានល្អ និងខិតខំចាប់យកឱកាសនៃបុណ្យទន្លេនេះ ពង្រីកការយល់ដឹងសាធារណៈក្នុងកិច្ចការរក្សាការពារបរិស្ថាន ជីវចម្រុះតាមដងទន្លេ និងខិតខំពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានច្រើន។

លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ មន្ទីរពាក់ពាន់នានាក្នុងខេត្ត ត្រូវខិតខំចាប់យកឱកាសនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៥ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីភាពស្អាត និងបៃតង ថែរក្សាបរិស្ថានទន្លេ បរិស្ថានទីក្រុង លើកកម្ពស់គុណភាព ផលិលផល និងសេវាទេសចរណ៍ឱ្យបានល្អ ត្រូវខិតខំស្រាវជ្រាវ និងពង្រីកគោលដៅទេសចរណ៍ថ្មីៗ ឱ្យបានច្រើនសាកសមជាខេត្ត ដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិដ៏សម្បូរបែប ពិសេសទេសភាពតាមដងទន្លេ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងជំរុញឱ្យមន្ទីរទេសចរណ៍ ខិតខំអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនទាន់មានការអភិវឌ្ឍ និងត្រូវរៀបចំរមណីយដ្ឋានទេសចរណ៍ផ្សេងទៀត ឱ្យកាន់តែមានភាពទាក់ទាញ ពិសេសត្រូវខិតខំកៀរគររកក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងខេត្តបន្ថែមទៀត ជាពិសេសត្រូវ យកចិត្តទុកដាក់ពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សេវាម្ហូបអាហារ រមណីយដ្ឋានទេសចរណ៍ បង្គន់អនាម័យសាធារណៈ និងចល័ត បញ្ហាអនាម័យ បញ្ហាសំរាម តាមដងទន្លេ ទីផ្សារ ទីក្រុងស្អាត រមណីយដ្ឋានស្អាត និងត្រូវរៀបចំពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ព្រមទាំងត្រូវរៀបចំឱ្យបានល្អនូវកម្មវិធីសិល្បៈ ព្រឹត្តិការណ៍កីឡា និងពិធីផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង