ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ព្រៃឡង់ នឹង ប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ

87

ភ្នំពេញ៖ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ទាំងបួនខេត្ត ដែលកំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ដែលជាព្រៃរបស់យើងទាំងអស់គ្នា ក្នុងបំណងឧទ្ទិស និងរំលឹកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ ដែលពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច (វាលតានូ) ក្នុងតំបន់ព្រៃឡង់ ភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ កាលពី១១មករា បានឲ្យដឹងថា
យើងខ្ញុំទាំងអស់គ្នាជា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ដែលជាព្រៃរបស់យើងទាំងអស់គ្នា។

ការប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី៖ ១. ឧទ្ទិស និងរំឭកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ ២. ផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងដល់ប្រជាសហគមន៍ ក៏ដូចជាសាធារណជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាល សម្រេចដាក់ជាព្រៃការពារ ដែនជម្រកសត្វព្រៃ ព្រៃឡង់។ ៣. បង្ហាញនូវសក្កានុពលរបស់ព្រៃឡង់ ដល់សាធារណជនទូទៅ និងដើម្បីរូមចំណែកចូលរួមជាមួយបណ្តាញសហគមន៍ព្រៃឡង់ ក៏ដូចជារាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារព្រៃឡង់។

សេចក្តីដូចបាន ប្រគេន និងជម្រាបជូនខាងលើនេះ ទុកជាដំណឹង និងការគោរព និមន្ត និងអញ្ជើញ ស្ថាប័នជំនាញ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការដៃគូ សារព័ត៌មានជាតិ និងអន្តរជាតិ សិស្ស និស្សិត សាសនិកជន សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស និងសាធរណៈជនទូទៅ ចូលរួមប្រារព្ធពិធីបុណ្យនេះ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច (វាលតានូ) ក្នុងតំបន់ព្រៃឡង់ ភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង