ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះ​ស្ថានីយ៍​សាំង​ នៅ​ខណ្ឌឫស្សីកែវ ផ្តើមចេញពី​ឡាន​ដឹក​សាំង​ មិន​ពន្លត់​ម៉ាស៊ីន ពេល​បូម​សាំង​ចេញ​

108

(​ភ្នំពេញ​)៖ សមត្ថកិច្ច​អគ្គីភ័យ​ បានបញ្ជាក់ថា ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ បណ្ដាលមកពី​រថយន្ដ​ដឹង​សាំង ដែលមាន​ចំណុះ​៦.០០០​លីត្រ មក​បូម​សាំង​ចូល​ស្ថានីយ៍​ហើយ​មិនបាន​ពន្លត់​ម៉ាស៊ីន ទើប​ឆ្លង​ចរន្ដអគ្គិសនី​បង្កចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង​។

គ្រោះ​អគ្គិភ័យ​ឆេះ​ស្ថានីយ៍​ចែកចាយ​ប្រេង​មួយកន្លែង នៅ​ម្ដុំ​ផ្សា​របឹង​សាឡាង​ថ្មី ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ បាន​រលត់​ទាំងស្រុង​ហើយ នៅវេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ បន្ទាប់​កម្លាំង​សមត្ថកិច្ច​ប្រើពេល​ប្រមាណ​៣០​នាទី ដើម្បី​អន្ដរាគមន៍​ជួយសង្គ្រោះ​។​

ដោយឡែក​ទីតាំង​នេះ​មាន​ម្ចាស់​ឈ្មោះ ស្រី វត្ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង​ដើម្បី​អន្ដរាគមន៍ ក្នុងនោះ ឡានទឹក​មកពី​ក្រុង​ជ្រោយចង្វារ​៦​គ្រឿង (​បាញ់​ទឹកសាប៊ូ​២​គ្រឿង​), ក្រុង​កោះ​ពេជ្រ​២​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ១៣​គ្រឿង ប៉ុន្ដែ​ប្រើប្រាស់​អស់​ត្រឹមតែ​១០​គ្រឿង​ប៉ុណ្ណោះ​។​
​យ៉ាងណាក៏ដោយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​សង្គម​មួយ​នេះ មិន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ ខណៈដែល​ផល​ខូចខាត មិនទាន់​ត្រូវបាន​សមត្ថកិច្ច ឬ​ម្ចាស់​ទីតាំង​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​បូកសរុប និង​ស្រាវជ្រាវ​បន្ដទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង