ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ​ហ៊ុន សែន​ ប្រកាសបង្កើត​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ ​​ទប់​ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ របស់​អឺរ៉ុប និងអាមេរិក

189


ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​ មានប្រសាសន៍ថា នៅពេលនេះ​ សម្តេចកំពុង​បង្កើត​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​​កម្ពុជា​ដើម្បីទប់ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប និង​អាមេរិក បើទោះបីជាគេអនុគ្រោះឬមិនអនុគ្រោះ ក៏កម្ពុជានៅតែរស់​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​មួយ​អ្នក​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៩ នៅកោះពេជ្រ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ថ្លែង​ថា ​សម្តេច​បាន​ជួប​ពិភាក្សា ​ជា​មួយ​លោក អូន ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយរដ្ឋមន្រ្តី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ក្នុង​ការ​រៀប​យុទ្ធសាស្ត្រ​ថ្មី​មួយ ដើម្បី​​ទប់ទល់​ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​របស់​អឺរ៉ុប និង​អាមេរិក ដោយ​ថា ​កម្ពុជា​ ដល់​ពេល​ដែល​ខ្លួន​ត្រូវ​ពង្រឹង​ឯករាជ្យ ឈប់​ពឹង​លើ​ខ្យល់​ដក​ដង្ហើម​របស់​ប្រទេស​ដទៃ​ ដើម្បី​រស់​ហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មាន ការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជា មិនស្លាប់នោះដែរ។ សម្តេច ទើបនឹងសម្រេចឲ្យគ្រប់ច្រកព្រំដែនទាំងអស់ ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ចំណែកឯស្ថាប័នផ្សេងៗ នឹងត្រូវជម្រុះចោល។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ” ជាង៣០ឆ្នាំកន្លងមកនេះ បទពិសោធន៍នៃគោលនយោបាយ មិនមែនយើងដាក់ទៅនោះ ចេះតែត្រូវនោះទេ សូម្បីតែមុនមកនេះ ខ្ញុំត្រូវដោះស្រាយបញ្ហាមួយចំនួន ក្នុងក្របខ័ណ្ឌគោលនយោបាយ គាំទ្រទៅលើបញ្ហាធុរកិច្ច នៅក្នុងប្រទេសយើង ដែលខ្ញុំបានឲ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន​ បើកយុទ្ធនាការ ដែលគេហៅថា យុទ្ធនាគារពង្រឹងឯករាជ្យរបស់កម្ពុជា ។ មានចំណុចមួយចំនួន អាចនឹងជួយឲ្យវិស័យធុរកិច្ច របស់យើងបើទៅបីជាគ្មានភាពអនុគ្រោះ ក៏កម្ពុជា នៅតែរស់ ។ ឧទាហរណ៍ ខ្ញុំ​បាន​សម្រេច​អម្បាញ់​មិញ នៅ​តាម​មាត់ច្រក​តាម​ព្រំ​ដែន ក្នុង​ការ​នាំ​ចេញ​នាំ​ចូល អត់​មាន​តម្រូវ​ការ​ឲ្យ​មាន​ស្ថាប័ន​ណា ​ក្រៅ​ពីអន្តោប្រវេសន៍ និងគយ​ទេ។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ! ក្រៅពី​នោះ ​ដក​ចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​អាស្អី​ ដក​ចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង​ វា​កើត​ទៅ​ជា​ឧបសគ្គ ស្ថាប័ននានាវាកើតទៅជាឧបសគ្គ​នៃ​ការ​រារាំង​ នៃការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទេ។ អ៊ីចឹងទេ បើទុកវានាំតែខាងអ៊ីចឹងដែរ ។ ឲ្យវាចេញមក ទុកតែប៉ូលិសអន្តោប្រវេសន៍ ព្រោះអាហ្នឹងវាឆ្លងកាត់ វាត្រូវវាយត្រា ហើយហ្នឹងទុកតែគយបានហើយ ព្រោះវាត្រូវវាយត្រា​ ឯក្រៅពីនោះ ត្រូវដកចេញមកទាំងអស់ទៅ ។ បើអត់មានការងារធ្វើទេ គឺបុគ្គលិកចូលនិវត្តន៍មិនបាច់រើសថែមទៀត កុំរើស។ បញ្ហាមួយចំនួនត្រូវធ្វើដូចជាអាស្គេន ត្រូវបញ្ចុះថ្លៃអាស្គេនហ្នឹងទៀត ព្រោះថាយើងមិនត្រូវស្គេន ដើម្បីដឹងថា ទំនិញនាំចេញនាំចូល របស់យើងវាមិនបង្កប់ដោយស្អី ហើយតម្លៃរបស់យើងថ្លៃ ដូច្នេះយើងត្រូវទម្លាក់ចុះ ដើម្បីឲ្យគេនាំចេញ ឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ ។ នៅមានមួយចំនួនទៀត ដែលយើងត្រូវធ្វើ អ៊ីចឹងបានសេចក្តីថា បើយោងទៅលើអ្វីដែលយើងរកឃើញនេះ អ្វីដែលយើងដាក់នាពេលកន្លងទៅ វាអត់ទាន់ត្រូវ ត្រូវកែលម្អ ។ ខ្ញុំបានប្រើពាក្យនៅសន្និបាតទៅកោះពេជ្រ ប្រើពាក្យ បាវចនា២ អភិក្រម៥ ។ បាវចនា២ គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ឯអភិក្រម៥ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ ដូច្នេះគ្រាន់តែមុនមកអម្បាញ់មិញ ខ្ញុំបានសម្រេច ធ្វើឲ្យសម្រាលទៅដល់ក្រុមធុរកិច្ច ដែលអាចនិយាយបានថាបើទោះបីមានភាពអនុគ្រោះ ឬគ្មានភាពអនុគ្រោះ បានសេចក្តីថាកម្ពុជាធានាថារស់ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ។ ចំណែកឯបញ្ហាចំណាយក្រោមតុ ចំណាយលើតុ ដែលនៅមាន ត្រូវកាត់បន្ថយបញ្ហាហ្នឹងទាំងអស់ ដើម្បីពង្រឹងស្មារតីឯករាជ្យ កុំឲ្យផ្អែកលើអុកស៊ីរបស់គេ អ្នកឯកចង់ដកអុកស៊ីយកទៅណា ក៏ដកទៅ ខ្ញុំនៅតែរស់ នេះជារឿងចាំបាច់ត្រូវធ្វើ។

​កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០១៩ ​សមាជិក​ព្រឹទ្ធសភាអាមេរិកចំនួន​២​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP ​ជាមួយ​កម្ពុជា ខណៈ​​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​ផង​ដែរ ដែល​ប្រព័ន្ធ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិការាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង