ភ្នំពេញ៖ អ្វីដែលជាក្តីសុបិន្តរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះបានក្លាយជាការពិត១០០ភាគរយហើយ នោះគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយនេះចំនួន១៥៣គ្រួសារបានទទួលប្លង់ដីកម្មសិទ្ធិមាត់ប្រឡាយស្របច្បាប់ ក្នុងចំណោមប្រជាពរដ្ឋជាង៥០០គ្រួសារទៀត ដែលនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ទៀត។
ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោមមានវត្តលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យនិងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ មិនថារស់នៅតំបន់ណាក៏ដោយ។ ជាក់ស្តែងសម្រាប់ពេលនេះ គឺយើងពិតជាបានឃើញជាក់ស្តែងតាមរយៈការប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យនេះ។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥៣គ្រួសាររួចហើយដែរ កាលពីប៉ុន្មានខែមុននេះ ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕