ចេញសារាចដើម្បីបង្ការនិងទប់ស្កាត់ ការប្រើប្រាស់លិខិតឆ្លងដែនការទូត ដល់ជនបរទេស ដែលជាទីប្រឹក្សានិងជំនួយការ ឥស្សរជន និងក្រសួងស្ថាប័នកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ពាក់ព័ន្ធនឹងការផ្តល់លិខិតឆ្លងដែនការទូត ដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការ ឥស្សរជនខ្មែរ និងក្រសួងស្ថាប័នកម្ពុជា ។ នេះបើតាមសារាចរ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូត ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
តាមសារាចរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឱ្យធ្វើជាទីប្រឹក្សា និងជំនួយការ។ ក្នុងចំណោមនោះ បុគ្គលទាំងនោះ មានខ្លះចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់ លិខិតឆ្លងដែនការទូតកម្ពុជា។
ដោយសង្កេតឃើញពីការមិនចាំបាច់ ក្នុងការប្រើប្រាស់លិខិតឆ្លងដែនការទូត ក្នុងករណីបែបនេះ និងដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូត មិនត្រូវត្រូវទៅតាមបេសកកម្ម ស្របតាមអនុក្រឹត្យ លេខ ២០២ អនក្រ .បក. ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាល សម្រេចធ្វើការណែនាំបន្ថែមអំពីបែបបទនៃការផ្តល់ និងប្រើប្រាស់លិខិតឆ្លងដែនការទូត ដូចខាងក្នុងលិខិតខាងក្រោមនេះ ៖១) លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើត របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថាចាំបាច់បំផុត។ រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួង ស្ថាប័ននេះបានស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយៈពេលមួយខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គលគ្មានសញ្ជាតិខ្មែរពីកំណើត។ ក្រសួងមហាផ្ទៃ មានភារកិច្ចសហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូត ទាំងនោះ សម្រាប់ការចេញចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានរាយការណ៍ថា គឺជាអ្នកកាន់លិខិត ឆ្លងដែនកម្ពុជា កាសែត South China Morning Post បានដឹងពីការបន្ថែមទម្ងន់ ទៅលើទ្រឹស្តីដែលលោកស្រី បានភៀសខ្លួនចេញពីប្រទេសថៃ នៅឆ្នាំ២០១៧ តាមរយៈប្រទេសកម្ពុជា ទោះបីជាមានការបដិសេធយ៉ាងខ្លាំងពីរដ្ឋាភិបាល ក្រុងភ្នំពេញក៏ដោយ ។ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា អាជ្ញាធរកម្ពុជា មិនធ្លាប់បានចេញលិខិតឆ្លងដែន ឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេរាយការណ៍ថា បានយកទៅចុះបញ្ជីក្រុមហ៊ុន នៅប្រទេសចិនឡើយ។