ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្លន់នារីរូបស្អាត នៅផ្ទះសំណាក់បៃតង កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សង្វាតស្រាវជ្រាវ បង្ក្រាបបានហើយ

67


ករណីចោរប្លន់នារីរូបស្អាត នៅផ្ទះសំណាក់បៃតង កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០១៩ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) កាលពីថ្ងៃទី១២ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញonlinម្នាក់ ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តែនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ។

តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់ និងភ្ជង់ប្លន់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕


អត្ថបទដែលជាប់ទាក់ទង