ជំពាក់លុយគេជាង៣ម៉ឺនរៀល ក្លាយជាឃាតករ កាប់ម្ចាស់បំណុលដាច់ស្លឹកត្រចៀក ពេលទៅទារលុយដល់ផ្ទះ
តាកែវ៖ស្រ្តីម្នាក់ ជាម្ចាស់បំណុល បានទៅទារប្រាក់ដែលកូនបំណុលជំពាក់ ចំនួន ៣៦.៥០០រៀល ហើយជនល្មើសក៏បានលួងលោមជនរងគ្រោះ ឲ្យទៅកាប់ចេកពីរនាក់ នៅខាងក្រោយផ្ទះ។ ឆ្លៀតឱកាស ជនល្មើសក៏ធ្វើសកម្មភាពកាប់ និងវាយមកលើជនរងគ្រោះ ដាច់ស្លឹកត្រចៀកម្ខាង នឹងវាយ៣ខ្នងកំបិត។
បើយោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ បានឲ្យដឹងថា កាលពីវេលាម៉ោង ៤និង២៥នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីបង្កហឹង្សាដោយ ចេតនា ដែលបង្កឡើងដោយឈ្មោះ យុង ដុស ភេទប្រុស អាយុ ៤៣ឆ្នាំ បានកាប់នឹងវាយទៅលើ ជនរងគ្រោះឈ្មោះ ម៉ៅ គឹមហឿន ហៅ(ប៉ិច) ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងរបួស ដាច់ស្លឹកត្រ ចៀកខាងស្ដាំ និងវាយក្បាលពីក្រោយត្រូវ ៣ខ្នងកាំបិត និងកញ្ចឹងក ពីក្រោយវាយត្រូវ៣ដំបងជាំខ្មៅ ថែមទៀតផង។
លោកអធិការស្រុកគិរីវង់ បានបញ្ជាក់ថាមុនពេលកើតហេតុនេះឡើង គឺជនរងគ្រោះទៅទារប្រាក់ដែលជនល្មើសជំពាក់ ចំនួន ៣៦.៥០០រៀល ហើយជនល្មើសក៏បានលួងលោមជនរងគ្រោះ ឲ្យទៅកាប់ចេកពីរនាក់នៅខាងក្រោយផ្ទះ ភ្លាមនោះជនល្មើសក៏ធ្វើសកម្មភាពកាប់ និងវាយមកលើជនរងគ្រោះតែម្ដង។
ជនល្មើស រួមនឹងវត្ថុតាង ត្រូវបានកំម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កសាងសំណុំរឿង បញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕