ហែលទឹកបង្ហាញពីការងាររបស់ខ្លួនក្នុងឆ្នាំ២០១៩
ភ្នំពេញ:សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញជាផ្លូវការនូវ គម្រោងការងារក្នុងស្រុករបស់ខ្លួនសម្រាប់ឆ្នាំ២០១៩នេះ ដោយមានចំនួន៨កម្មវិធី ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញថា ឆ្នាំនេះសហព័ន្ធ បានរៀបចំរួចរាល់ហើយនូវកម្មវិធីនានាក្នុងស្រុក ព្រមទាំងរៀបចំរួចរាល់ដែរ នូវគម្រោងសម្រាប់ចំណាយ លើការងារទាំង៨ព្រឹត្តិការណ៍នេះ ។
ព្រឹត្តិការណ៍ការណ៍ទាំងនេះនឹងចាប់ផ្ដើម ពីដើមខែកុម្ភៈតទៅគឺថ្ងៃទី១ដល់ទី២កុម្ភៈសហព័ន្ធរៀបចំការប្រកួត
ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន ។នេះជាការប្រកួតតាមលក្ខណៈបើកទូលាយ ហើយការប្រកួតនឹងធ្វើនៅពហុ
កីឡដ្ឋានមរតកតេជោ ។
ថ្ងៃទី២ដល់ថ្ងៃទី៤មេសាសហព័ន្ធរៀបចំបើកវគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេសហែលទឹកដែលវគ្គដ៏សំខាន់នេះ នឹងធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ថ្ងៃទី៥ដល់ទី៦មេសា រៀបចំការប្រកួតដណ្ដើមពានរង្វាន់SCG ដែលនេះជាការប្រកួតដោយតម្រង់ទឹសលើយុវជន ។ការប្រកួតធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។
ថ្ងៃទី២៥ទៅ៣០មិថុនាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣
(43rd South East Asia Age Group Swimming Championship 2019)ដែលការប្រកួតធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។
ថ្ងៃទី២ដល់៣សីហាប្រកួតដណ្ដើមជើងឯកសម្ដេចក្រឡាហោមស ខេងលើកទី៦ ដែលការប្រកួតធ្វើនៅរាជធានីភ្នំពេញ ព្រោះពេលនោះការជួសជុលអាងទឹក ក្នុងស្ដាតអូឡាំពិកនឹងរួចរាល់ជាស្ថាពរ ។ការប្រកួទនេះក៏ផ្ដោតសំខាន់លើយុវជន ដែរ ។
ថ្ងៃទី៣ដល់ថ្ងៃទី៥តុលាគឺជាព្រឹត្តិការណ៍ប្រកួតជើងឯកជាតិ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជននិង កីឡា ។ការប្រកួតនេះមានលក្ខណៈបើកទូលាយហើយកីឡាករ-កីឡាការិនី គ្រប់វ័យទាំងអស់អាចចូលរួមប្រកួតបាន ។
ថ្ងៃទី១០ដល់១២តុលាគឺជាព្រឹត្តិការណ៍ទិវាហែលទឹកពិភពលោក(FINA World Aquatic Day) ។ព្រឹត្តិការណ៍នេះធ្វើនៅរាជធានីភ្នំពេញ និង មជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម ។
ព្រឹត្តិការណ៍ទី៨ដែលធ្វើនៅថ្ងៃទី១ និង២ធ្នូនោះគឺជាព្រឹត្តិការណ៍ ប្រកួតដណ្ដើមពានរង្វាន់តេជោសែនលើកទី៥ ដែលធ្វើនៅមជ្ឈមណ្ឌល ហែលទឹកតេជោសែននាខេត្តកំពង់ចាម ។