រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើគ្រប់ផ្នែកជំនាញទាំងអស់ តាមដានក្រុម ដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើការតាមដានក្រុម ដែលតែងតែបំផុសផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវធ្វើការបកស្រាយ ឬជូនដំណឹង ទៅមន្ត្រីជំនាញពាក់ព័ន្ធ ពីបញ្ហាអ្វីមួយ ដោយមានការឆ្លើយតបទៅវិញឲ្យបានឆាប់រហ័សនៅរឿងមិនពិត។
លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំពិសេសប្រចាំសប្តាហ៍ ខែមករា របស់ថ្នាក់ដឹកនាំ តាមបណ្តា អគ្គនាយកដ្ឋានទាំង ៥ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ពាក់ពន្ធ័ ដែលគ្រប់ផ្នែកទាំងអស់ ធ្វើសេចក្តីរាយការណ៍ ជូនអង្គប្រជុំនូវលទ្ធផលការងាររបស់ខ្លួនកន្លងមក កាលពីព្រឹកថ្ងចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ពិសេសតាមបណ្តាញទំនាក់ទំនងសង្គម ត្រូវធ្វើការឆ្លើយតប ទៅនឹងព័ត៌មាន មិនពិតឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យសាធារណជនមួយចំនួន មានការភាន់ច្រឡំ។ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងទៅនេះ ព័ត៌មានមិនពិតកាន់តែមានច្រើន ពិសេសបានផ្សព្វផ្សាយក្នុងបណ្តាញប្រព័ន្ធសង្គម នាំឲ្យសាធារណជនមួយចំនួន ដែលមិនបានធ្វើការតាមដាន និងពិនិត្យព័ត៌មាន គ្រប់ជ្រុងជ្រោយ បានមានការភាន់ច្រឡំ ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។ ដូច្នេះ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើការតាមដានក្រុម ដែលតែងតែបំផុសផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវធ្វើការបកស្រាយ ឬជូនដំណឹង ទៅមន្ត្រីជំនាញពាក់ព័ន្ធ ពីបញ្ហាអ្វីមួយ ដោយមានការឆ្លើយតបទៅវិញឲ្យបានឆាប់រហ័សនៅរឿងមិនពិត។
បើតាមលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយអនុវត្តន៍តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល បានលើកឡើងកាលពីជំនួបជាមួយអ្នកសារព័ត៌មាននាថ្មីៗនេះ គឺលោករដ្ឋមន្រ្តី បានជំរុញឲ្យអ្នកសារព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយ ជួយបង្សាបព័ត៌មានមិនពិតនេះ ដើម្បីការឆ្លើយតបទៅនឹងព័ត៌មានមិនពិត ត្រូវបង្ហាញការពិតឲ្យដឹងវិញ ឲ្យបានលឿន និងការពិតជាក់ស្ដែង កុំឱ្យមានការយល់ច្រឡំបន្តទៀត៕